ព្រះរាជអាជ្ញារង​ ហ៊ឹង ប៊ុនថន ​ដោះលែង​ស្ត្រីថៅកែ​​ផលិតឡេ​​ក្លែងក្លាយជិត ៣តោន ឲ្យទៅផ្ទះវិញ រង់ចាំថ្ងៃជំនុំជម្រះផ្ទាល់ ដែលមិនដឹងថា ពេលណា​​ជាក់លាក់!

(ភ្នំពេញ)៖ លោកព្រះរាជអាជ្ញារង ​ហ៊ឹង ប៊ុនថន ​បានសម្រេចដោះលែង​ស្ត្រីជាថៅកែ​រោងចក្រ​ផលិត ​និងវេចខ្ចប់ឡេ​ខុសច្បាប់​ម្នាក់ ឲ្យត្រឡប់ទៅផ្ទះ​វិញ​ហើយ។  នេះបើយោងតាមការ​បញ្ជាក់​ពី​លោក​ព្រះរាជអាជ្ញារង គុជ គឹមឡុង ​អ្នកនាំពាក្យអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះ ​បញ្ជាក់ថា​ ក្រោយបើកការស៊ើបសួរ លោកព្រះរាជអាជ្ញារង​ ហ៊ឹង ប៊ុនថន បានសម្រេច​ចោទប្រកាន់ និងបញ្ជូនសំណុំរឿង ផលិត និងជួញដូរឡេ ដោយខុសច្បាប់ ប្រមាណជិត ៣តោននេះ ទៅជូនចៅក្រមបើក​សវនាការជំនុំជម្រះ​ផ្ទាល់​។ ដោយឡែក ជនត្រូវចោទ ត្រូវលោក ហ៊ឹង ប៊ុនថន ​ដោះលែងឲ្យទៅផ្ទះវិញសិន រង់​ចាំថ្ងៃចូលខ្លួន មកសវនាការ ដែលមិនថា ថ្ងៃណា​ឲ្យពិតប្រាកដនៅឡើយ។

សូមជម្រាបជូនថា ​ស្ត្រីត្រូវចោទឈ្មោះ សាន ហុងថន អាយុ ៣២ ឆ្នាំ មុខរបរ លក់ឡេ ស្នាក់សង្កាត់បឹងកក់២ ​ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ​ត្រូវបាន​កម្លាំងនគរបាល នាយកដ្ឋាន​ប្រឆាំងបទល្មើសសេដ្ឋកិច្ច ​ក្រសួងមហាផ្ទៃ ​សហការជាមួយមន្ត្រីនៃស្ថាប័នជំនាញ​ពាក់ព័ន្ធ ដោយ​មានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ​ខាំ សុផារី ​ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ​នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មផលិត វេចខ្ចប់ និងចែកចាយឡេ មួយកន្លែងមានទីតាំងផ្ទះលេខ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ សមត្ថកិច្ច បានរឹបអូសវត្ថុតាង និងវត្ថុធាតុផ្សុំផលិតឡេដោយ​ខុសច្បាប់ ប្រមាណជា ២,៧០០គីឡូក្រាម។

បន្ទាប់ពីឃាត់ខ្លួនយក​ទៅសាកសួរ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង ​បញ្ជូនស្ត្រីឈ្មោះ សាន ហុងថន ទៅឲ្យលោកព្រះរាជអាជ្ញាររង ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ ដែលធ្លាប់រងការរិះគន់ថា បានដោះលែងចោរប្លន់ និងប្តូរបទចោទ​ចោរប្លន់​ ពីធ្ងន់ មកស្រាល ដោះលែងទៅផ្ទះវិញ តាមផ្លូវច្បាប់៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com