កិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ វៀតណាម បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(ភ្នំពេញ)៖ ក្រោយពីបានដំណើរការពេញ១ថ្ងៃ កិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ វៀតណាម ស្តីពី “តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ នៃរដ្ឋសភាប្រទេសទាំងបី ក្នុងការកសាង សហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែនមួយ ប្រកបដោយសន្តិភាព និងមិត្តភាព” បានបិទបញ្ចប់ប្រកបដោយជោគជ័យ នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ។

ថ្លែងបិទកិច្ចប្រជុំនៅឯសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អបអរសាទរចំពោះលទ្ធផលដែលកិច្ចប្រជុំលើកទី៤ រវាងគណៈកម្មការជំនាញទទួលបន្ទុកកិច្ចការការពារជាតិ និងសន្តិសុខ របស់រដ្ឋសភានៃប្រទេសទាំងបី សម្រេចបានពេលនេះ។

ឯកឧត្តមបានប្រសាសន៍បន្តថា សមិទ្ធផលដ៏មានតម្លៃនេះ ឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មការ នៃប្រទេសទាំង៣ ក្នុងការធានា និងថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ ក្នុងការកសាង និងអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើនជឿនលឿន និងសុខដុមរមនា ជាពិសេសការកសាងព្រំដែននៃប្រទេសទាំងបី ក្លាយជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ។

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍បន្ថែមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ បានរួមចំណែកទប់ស្កាត់ និងបង្ក្រាបបាននូវបទល្មើសព្រហ្មទណ្ឌ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ ការរត់ពន្ធ និងបទល្មើសឆ្លងដែនផ្សេងៗ។ វឌ្ឍនភាពនេះ កំពុងតែផ្តល់នូវភាពសុខដុមរមនាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី។

ឯកឧត្តមប្រធានគណៈកម្មការក៏បានធ្វើការកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនដូចជាគម្លាតនៃការអភិវឌ្ឍតាមតំបន់ព្រំដែននៃប្រទេសទាំ ងបី ការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាពបឋម និងអនាម័យ ការផ្គត់ផ្គង់ទឹកស្អាត ថាមពលអគ្គិសនី អប់រំ និងកិច្ចសហការចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក មិនឆ្លើយតបទាន់ពេលវេលា ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ឬគោលនយោបាយរបស់រដ្ឋាភិបាល ‌នៅមិនទាន់ទូលំទូលាយ គួបផ្សំនឹងនិន្នាការតំបន់ ក៏ដូចពិភពលោក កំពុងតែជួបប្រឈមនឹងវិបត្តិ ស្មុគស្មាញ និងហានិភ័យច្រើនផងនោះ បានធ្វើឲ្យមានក្តីបារម្ភពីសន្តិភាព ស្ថិរភាព និងសន្តិសុខ អាចរងការគំរាមកំហែង ដែលអាចបង្អាក់ការអភិវឌ្ឍ និងបំផ្លាញសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក៏ដូចជាការបន្ថយសក្តានុពលសម្រាប់ការអភិវឌ្ឍក្នុងពេលអនាគតផងដែរ។

ឯកឧត្តម ហ៊ុន ណេង បញ្ជាក់ថា ការអនុវត្តតួនាទី ភារកិច្ច របស់គណៈកម្មការជំនាញទទួលបន្ទុកកិច្ចការការពារជាតិ និងសន្តិសុខ របស់រដ្ឋសភានៃប្រទេសទាំងបី ពិតជាមានសារៈសំខាន់ និងសមស្របបំផុតទៅនឹងបរិការណ៍បច្ចុប្បន្ន ដែលតំបន់ និងពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមស្មុគស្មាញ ភាពរង្គោះរង្គើនៃសណ្តាប់ធ្នាប់ ការគំរាមកំហែង និងនិន្នាការវិវត្តទៅមុខមិនប្រាកដប្រជានេះ។

ឯកឧត្ដមមានប្រសាសន៍បន្ថែមថា ទាំងស្ថាប័ននីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ និងភាគីពាក់ព័ន្ធនៃប្រទេសទាំងបី ត្រូវបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការសហការគ្នាដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ ជាពិសេសការកសាងនិងអភិវឌ្ឍតំបន់ព្រំដែននៃប្រទេសទាំងបី ឱ្យក្លាយជាព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ មិត្តភាព និងវឌ្ឍនភាពជានិរន្តរ៍។

ឯកឧត្តមប្រធានគណៈកម្មការបានមានប្រសាសន៍ទៀតថា កិច្ចប្រជុំនេះ បានផ្តល់ឱកាសឲ្យយើងចែករំលែក និងផ្លាស់ប្តូរនូវព័ត៌មាន បទពិសោធន៍ការងារ និងអាចកំណត់បាននូវចំណុចខ្លាំង ចំណុចខ្សោយ លើសកម្មភាពការងាររៀងៗខ្លួន និងអាចឱ្យយើងបានពិចារណាដាក់ចេញនូវផែនការសកម្មភាព និងវិធានការសមស្រប ដើម្បីលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់យន្តការជំនាញនៃរដ្ឋសភា ក្នុងការគាំទ្រ និងត្រួតពិនិត្យសកម្មភាពអនុវត្តការងាររបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗឲ្យឈានទៅមុខប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com