ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតសាលាឧទ្ធរណ៍៣តំបន់ ដោយកាត់បន្ថយអំណាចសាលាឧទ្ធរណ៍ ស្ថិតនៅក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីសប្តាហ៍មុន បានសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យបង្កើតសាលាឧទ្ធរណ៍ និងមហាអយ្យការចំនួន៣តំបន់ ដោយកាត់បន្ថយអំណាចពីសាលាឧទ្ធរណ៍ និងមហាអយ្យការ​​​អមសាលាឧទ្ធរណ៍ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ឲ្យទៅតាមតំបន់ទាំងនេះវិញ។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែសីហា​​​ ឆ្នាំ២០១៩ បានឲ្យដឹងថា សាលាឧទ្ធរណ៍ និងមហាអយ្យការ ក្នុងរាជធានីភ្នំពេញ មានសមត្ថកិច្ចលើសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្តាល និងអយ្យការអមសាលាដំបូងខេត្តកណ្តាល។

ព្រះរាជក្រឹត្យ បានឲ្យដឹងទៀតថា សាលាឧទ្ធរណ៍ និងមហាអយ្យការតំបន់មានចំនួន៣ គឺសាលាឧទ្ធរណ៍ និងមហាអយ្យការ ស្ថិតនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ, សាលាឧទ្ធរណ៍ និងមហាអយ្យការ ស្ថិតនៅក្នុងទឹកដីខេត្តបាត់ដំបង និងសាលាឧទ្ធរណ៍ និងមហាអយ្យការ ស្ថិតនៅក្នុងទឹកដីខេត្តព្រះសីហនុ។

ព្រះរាជក្រឹត្យ​​​ដដែល បានបែងចែកសមត្ថកិច្ចសាលាឧទ្ធរណ៍ មហាអយ្យការតំបន់ទាំង៣តំបន់នេះ មានដូចជា៖

សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ មានសមត្ថកិច្ចទទួលដោះស្រាយបណ្ដឹងឧទ្ធរណ៍មកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត៖ កំពង់ចាម, កំពង់ធំ, ព្រះវិហារ,​​​ ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ព្រៃវែង, ស្វាយរៀង និងបណ្តឹងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

សាលាឧទ្ធរណ៍តំបន់ត្បូងបាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់បាត់ដំបង មានសមត្ថកិច្ចទទួលដោះស្រាយបណ្ដឹងឧទ្ធរណ៍មកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត៖ កំពង់ឆ្នាំង, ពោធិសាត់, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប និងបណ្តឹងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ មានសមត្ថកិច្ចទទួលដោះស្រាយបណ្ដឹងឧទ្ធរណ៍មកពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត៖ តាកែវ, កំពត, កំពង់ស្ពឺ, កោះកុង និងនិងបណ្តឹងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ព្រះរាជក្រឹត្យដដែលនេះ បានបញ្ជាក់ថា គ្រប់សាលាឧទ្ធរណ៍តំបន់ និងអយ្យការអមសាលាឧទ្ធរណ៍តំបន់ នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ និងមានសមត្ថភាពអាចទទួលសំណុំរឿងតុលាការកំពូលបង្វិលត្រឡប់មកវិញ ដូចសាលាឧទ្ធរណ៍ និងអយ្យការអមសាលាឧទ្ធរណ៍ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ផងដែរ៕

សូមអានព្រះរាជក្រឹត្យដូចខាងក្រោម៖

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com