មន្ត្រីជាន់ខ្ពស់ធនាគារជាតិ​ ជំរុញឲ្យមានការអភិវឌ្ឍវិស័យ​មីក្រូហិរញ្ញវត្ថុ ​តាមបណ្តាខេត្តឲ្យ​កាន់តែរីក​ចម្រើន​

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ជំរុញឲ្យអ្នកពាក់ព័ន្ធត្រូវមានកិច្ចសហការ និងខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងដែនដីខេត្តឲ្យរីកចម្រើនជាបន្តបន្ទាប់ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែសីហានេះ។

សិក្ខាសាលានេះមានការចូលរួមពីអាជ្ញាធរខេត្ត មន្ត្រីធនាគារជាតិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះ​ស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រជាពលរដ្ឋក្នុងស្រុកសង្កែ ចំនួនប្រមាណ ៤០០នាក់។ សិក្ខា​សាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណង ១/- ផ្សព្វផ្សាយអំពីប្រវត្តិនៃការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ២/- ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ៣/- សេវាកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានអាជ្ញាបណ្ណស្របច្បាប់ ៤/- បញ្ហាប្រឈមនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និង៥/- ដំណោះស្រាយនិងសំណូមពរចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអតិថិជនជាដើម។

អង្គសិក្ខាសាលាបានបង្កើនទំនាក់ទំនងកិច្ចសហការល្អ រវាងអាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធនានា ជាពិសេស ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបន្តក្តាប់ឱ្យបាននូវស្ថានភាពជាក់ស្តែងរបស់ប្រជាជនប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ និងធ្វើយ៉ាងណាបញ្ចៀសការប្រើប្រាស់សេវាកម្ចីដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង