រដ្ឋមន្ត្រីពាណិជ្ជកម្ម​ ពន្យល់ក្រុមហ៊ុនអន្តរជាតិ​ពីភាពចាំបាច់​របស់ឡសម្ងួត​ និង​ឃ្លាំង​ស្រូវអង្គរ​ សម្រាប់​ការ​នាំចេញ​របស់​កម្ពុជា​

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បានចូលរួមកម្មវិធីទំនាក់ទំនងបណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូល័រ (Buhler) ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍សម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ ក្រោមការអនុវត្តគម្រោង «ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជា»។

បើតាមក្រសួងពាណិជ្ជកម្ម ឲ្យដឹងនៅថ្ងៃទី២៧ ខែសីហានេះថា ការចូលរួមកម្មវិធីនេះ ក៏ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យា និងឧបករណ៍សម្ងួត កែច្នៃកសិផល និងឧបករណ៍ដទៃទៀត សម្រាប់ពង្រឹងនិង​ពង្រីកហេដ្ឋារចនាសម្ព័ន្ធកែច្នៃ កសិផល ក្នុងគោលបំណងលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។

នៅក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនប៊ូល័រ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្មនៅកម្ពុជា ជាការងារសំខាន់ និងជាការងារអាទិភាពសម្រាប់កម្ពុជា ដើម្បីបង្កើនការរួមចំណែករបស់កសិកម្មក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជាផងដែរ។

ចំពោះវិស័យនាំចេញស្រូវអង្ករវិញ ការនាំចេញភាគច្រើនរបស់កម្ពុជា គឺមានលក្ខណៈជាស្រូវសើម ដែលបានលក់ទៅកាន់ប្រទេសជិតខាងក្រោយប្រមូលផលភ្លាមៗ ដោយកម្ពុជាមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការសម្ងួតស្រូវ និងរក្សាទុកស្រូវក្នុងរយៈពេលវែង។ ការកសាងឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវអង្ករ នឹងបង្កភាពងាយស្រួលសម្រាប់ក្រុមហ៊ុននាំចេញស្រូវអង្ករ ធ្វើការប្រមូលទិញស្រូវពីកសិករកាន់តែច្រើន ដើម្បីរក្សាទុកនឹងធ្វើការកិនជាអង្ករសម្រាប់នាំចេញ ក្នុងពេលមួយសមស្រប និងតម្លៃក្នុងទីផ្សារខ្ពស់ ក៏ដូចជាដោះស្រាយមួយកម្រិតនៃរបាំងបច្ចេកទេសមួយចំនួន ដែលរារាំងដល់ការនាំចេញដោយកម្ពុជា ទៅកាន់ទីផ្សារបរទេស។ លើសពីនោះថែមទៀត ការបង្កើតឡើងនូវឡសម្ងួត និងឃ្លាំង​រក្សាទុកស្រូវ នឹងជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ក្រសួងពាណិជ្ជកម្មបានបន្តថា ក្រោមគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនៅកម្ពុជាក្រុម​ហ៊ុនប៊ូល័រ នឹង​សាង​សង់​ឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវចំនួនសាងសង់ឡសម្ងួតទំនើបចំនួន ១០ទីតាំង នៅក្នុងខេត្តគោលដៅចំនួន ១០ ដែលអាចស្តុកទិន្នផលស្រូវប្រមាណ ១លានតោន និងអាចសម្ងួតស្រូវ ១៣ពាន់តោន ក្នុងមួយថ្ងៃ សម្រាប់​កែ​ច្នៃជា​ផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com