តុលាការផ្តន្ទាទោស ឧកញ៉ា ហូរ ចំរើន ដាក់ពន្ធនាគារ ២ឆ្នាំកន្លះ និងបង្គាប់ឲ្យ សងប្រាក់ជិត ១០០ លានដុល្លារទៅជនរងគ្រោះជាជនជាតិចិន

(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះនៃ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្តន្ទសទោស ជនជាប់ចោទឈ្មោះ ហូរ ចំរើន ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ និង៦ខែ និងពិន័យចំនួន ៦លានរៀលចូលថវិការដ្ឋ ពីបទ ឆបោក ប្រព្រឹត្តកាលពី ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប្រព្រឹត្តនៅរាជធានី ភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សាលក្រមដដែល ក៏បានបង្គាប់ឲ្យជនជាប់ចោទសងទៅជនរងគ្រោះដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះ ហាន់ គឿក ជាជនជាតិចិន ចំនួន ៩៧លាន និង៨ សែនដុល្លារ។

នៅក្នុងវសនាការនាពេលកន្លងមក ជនជាប់ចោទឈ្មោះ ហូរ ចំរើន បានលើកឡើងថា លោកមិនបានឆបោកជនរងគ្រោះនោះទេ លុយទាំងអស់នោះលោកយកមកចំណាយលើការគម្រោងវិនិយោគ កសាងមន្ទីរពទ្យ និងសាលារៀន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យក្រុមហ៊ុនរបស់ជនរងគ្រោះ ប៉ុន្តែក្រោយពីលោកត្រូវចាប់ខ្លួនក្នុងសំណុំរឿងបាញ់បោះស្រាប់តែ ដៃគូររកស៊ីជាជនជាតិចិនប្តឹងលោកតែម្តង។

គួរបញ្ជាក់ថា ក្រៅពីសំណុំរឿងនេះ ជនជាប់ចោទឈ្មោះ ហូរ ចំរើន កំពុងមានសំណុំរឿងឆបោកប្រាក់យ៉ាងហោចណាស់ ចំនួន ៣ករ ណី ក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារ ដែលត្រូវដៃគូពាណិជ្ជកម្មជាជនបរទេសប្តឹងចូលតុលាការ។

គួររំលឹកថា អតីតឧកញ៉ា ផ្កាយ៣ យោធា ហូរ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធ ករណី បាញ់បោះ ជិត ១០គ្រាប់ គំរាម ប្រពន្ធ និងលោកផ្កាយ២ យិន គា ដែលជាឪពុកក្មេកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កនៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយមកនៅ ជនជាប់ចោទ ហូរ ចំរើន ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ១៨ខែ ពីបទ គំរាមថានឹងសម្លាប់ ប្រព្រឹត្តកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com