ទឹកទន្លេ​មេគង្គ ចាប់ផ្តើម​ជន់​លិច និង​ត្រូវ​កាត់ផ្តាច់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​នោះ​ទាំងស្រុង នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា នៅ​ព្រឹក​ថៃ្ង​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ ១០,៩៨ ម៉ែត្រ ទឹកបាន​ជន់​លិច​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​ប្រមាណ​ជា ៦០​ម៉ែត្រ មាន​ទីតាំង​ឆ្លងកាត់​ពី​ឃុំ​រកា​ខ្នុរ ទៅ​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ កំណាត់​ផ្លូវ ដែល​ត្រូវ​ទឹកទន្លេ​ជន់​លិច​នេះ ត្រូវបាន​ផ្អាក​ចរាចរណ៍​ទាំងស្រុង​ហើយ​។​

​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ផ្សព្វ​ផ្សាយ​រៀងរាល់​ព្រឹក បង្ហាញថា នៅ​ថ្ងៃទី​២៧ ខែសីហា​នេះ បន្ត​ដល់​ថ្ងៃទី​២៨-២៩-៣០ ខែសីហា កម្ពស់​ទឹក​នៅ​ទន្លេ​មេ​គ​ង្គ ទន្លេបាសាក់ និង​នៅ​ទន្លេសាប បន្ត​ឡើងជា​លំដាប់​។ ប៉ុន្តែ​នឹងមិន​ឡើង​ដល់​​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​ឡើយ​។ ម្យ៉ាងទៀត បើ​ធៀប​នឹង​កម្ពស់​ទឹកទន្លេ កាលពី​ឆ្នាំមុន គឺ​នៅ​ឆ្នាំនេះ កម្ពស់​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទឹក​ទន្លេសាប នៅ​ទាប​ជាង​ឆ្នាំមុន​នៅឡើយ​។​

​តែ​យ៉ាងណាក៏ដោយ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រជាកសិករ នៅតាម​ដង​ទន្លេ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ព្រោះថា ទឹកទន្លេ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ នឹង​បន្ត​ឡើង ហូរ​ចូល​ព្រែក បឹង ស្ទឹង និង​សាយ​វាល​ហើយ​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com