ក្រសួង​អប់រំ ចាប់ផ្តើម​កែ​លើ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​២៦​សីហា​នេះ

(​រាជធានី​ភ្នំពេញ​)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា សមាជិក​កំណែ​នៅតាម​មណ្ឌល​កំណែ​ទាំង​១០ បាន​បំពេញភារកិច្ច ដោយមាន​ការពង្រឹង​វិន័យ តាម​ម៉ោង​កំណត់ ទ្វារ​ត្រូវបាន​បិទ​ដោយ​មិន​អនុញ្ញាត​ឱ្យចូល និង​ចេញ​ក្នុង​ម៉ោង​ធ្វើការ​។ ចំណែក​ទូរ​សព្ទ ឧបករណ៍​អេឡិចត្រូនិក​នានា ត្រូវបាន​ហាមឃាត់​មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ឡើយ​។ ដំណើរការ​កំណែ​លើ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប បានចាប់ផ្តើម នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ​។​

​ក្រសួង​អប់រំ បន្តថា គណៈកម្មការ​នានា បំពេញភារកិច្ច​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ មណ្ឌល​មាន​របៀបរៀបរយ ដំណើរ​ការល្អ ព្រមទាំង​មានការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ក្នុងការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ផ្សេងៗ​។ ជាមួយគ្នានេះ ក៏មាន​ការប្រជុំ​ពង្រឹង​គណៈកម្មការ​កំណែ​ជាប្រចាំ ដើម្បី​ធានាបាន​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កិច្ចប្រជុំ ណែនាំ​គណៈកម្មការ​កំណែ នៅតាម​មណ្ឌល​កំណែ​ទាំង​១០ កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែសីហា ឆ្នាំ​២០១៩​។ ក្នុងនោះ ប្រធាន អនុប្រធាន​តាម​មណ្ឌល​កំណែ​ទាំង​១០ បាន​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​បច្ចេកទេស ដើម្បី​ត្រៀម​រៀបចំ​ដំណើរការ​កំណែ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​១៩ សីហា ២០១៩ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​។​

​ក្រសួង​អប់រំ បាន​លើកឡើងថា កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ក្រោម​អធិបតីភាព ឯកឧត្ដម លោក ជំទាវ ជា​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈកម្មការ អប្បមាទ ប្រចាំ មណ្ឌល​កំណែ​ទាំង​១០​។ ក្នុងឱកាស​នោះដែរ ប្រធាន អនុប្រធាន​មណ្ឌល​កំណែ បានធ្វើ​ការណែនាំ​លើ​ការងារ​បច្ចេកទេស​ក្នុង​ការធ្វើ​អត្រាកំណែ ការបែងចែក​ក្រុម​កំណែ​ជា​ក្រុម​តូចៗ ដែលមាន​ចំនួន​សមាជិក​ច្បាស់លាស់ ការប្រគល់​ឯកសារ ប័ណ្ណ​សម្គាល់ ការណែនាំ​នូវ​ការ​បម្រាម​ក្នុង​ការយក​ចូល​នូវ​កាបូប ទូរ​សព្ទ​ដៃ និង​សម្ភារៈ​ផ្សេងៗ​ចូលក្នុង​មណ្ឌល​កំណែ​ជាដាច់ខាត​។​

​សូម​រម្លឹកថា សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​ទូទាំងប្រទេស ត្រូវបាន​បែងចែក ដើម្បី​ធ្វើ​កំណែ នៅ ១០​មណ្ឌល តាម​ការបែងចែក​រប​ស់​ក្រ​សួ​អ​អប់រំ នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្រសួង​អប់រំ មិនបាន​ប្រកាសថា កំណែ​នេះ ចប់​នៅពេលណា​ទេ​។ តែ​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១០-១១ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ការប្រឡង​បាក់​ឌុប រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ បានធ្វើ​ឡើង នៅ​ទូទាំងប្រទេស ដោយ​ដំណើរ​ល្អ រលូន និងមិនមាន​បញ្ហា​អ្វី​កើតឡើង​ធំដុំ​នោះឡើយ​។ ក្នុងនោះ ក្នុងចំណោម​បេក្ខជន​ជិត ១២​ម៉ឺន​នាក់ គឺមាន​បេក្ខជន ១៨៣៨ នាក់ អវត្តមាន មិន​ទៅ​ប្រឡង ហើយ​ក្នុងនោះ ក៏មាន​បេក្ខជន ១១​នាក់ មាន​បញ្ហា​សុខភាព មិនអាច​វិលត្រឡប់​ទៅ​ប្រឡង​វិញ​បាន​។ ក្រសួង​អប់រំ ក៏បាន​ប្រកាស​ពី​ការសម្រេច​ឲ្យ​បេក្ខជន ២​នាក់ ធ្លាក់​ជា​ស្វ័យប្រវត្តិ ដោយសារតែ​បេក្ខជន​ទាំងពីរ​នាក់ យក​សំណៅ​ឯកសារ និង​ទូរស័ព្ទ ចូល​បន្ទប់​ប្រឡង​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com