កម្ពុជា និងអង្គការ APFNet ​គ្រោងចំណាយថវិកាប្រមាណ ​៥,៥លានដុល្លារ ​ដើម្បីបង្កើតមជ្ឈមណ្ឌល​បង្កាត់ពូជឈើសំខាន់ៗ​ និង​មាន​តម្លៃ​

(ភ្នំពេញ)៖ កម្ពុជាតាមរយៈក្រសួងកសិកម្ម និងបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយ​និរន្តរភាព (APFNet) នឹងរួមគ្នាបង្កើតមជ្ឈមណ្ឌលមួយក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗនិង​មាន​តម្លៃនៅ​កម្ពុជា​ ដោយគម្រោងនេះមានថវិកាឧបត្ថមប្រមាណជា ៥,៥លានដុល្លារសហរដ្ឋ​អាមេ​រិក ហើយគ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Zhao Shucong នាយ​ក​អង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APF​Net​) ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកិច្ចពិភាក្សាការងារពាក់ព័ន្ធនិងវិស័យព្រៃឈើ នៅថ្ងៃទី២៦ ខែសីហានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងទិសដៅស្តារ គ្រប់គ្រង និងអភិវឌ្ឍព្រៃឈើជាតិឡើងវិញ ក្រសួងដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានកំណត់យកទិសដៅទាំងនោះជាអាទិភាព និងកំពុងខិតខំប្រឹងប្រែងជំរុញជាខ្លាំង ដោយបានយកអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” មកអនុវត្ត។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ APFNet បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ ហើយគម្រោងគាំទ្រមានចំនួន ៤ ដែលមានថវិកាសរុបជាង ​៧,៨​លានដុល្លារសហរដ្ឋអាមេរិក​ មានជាអាទិ៍÷ទី១. ស្តីពី “មុខងារចម្រុះនៃការងារស្តារព្រៃឈើ និងការគ្រប់គ្រងតំបន់ព្រៃឈើរិចរឹលនៅកម្ពុជា” ទី២. គម្រោងស្តីពី “ការរៀបចំផែនការគ្រប់គ្រងព្រៃឈើនៅតំបន់ទីជម្រាលស្ទឹងព្រែកត្នោតផ្អែកលើផែនទេសភាព” ទី៣. គម្រោងស្តីពី “ការធ្វើសមាហរ័ណកម្មនៃការធ្វើផែនការគ្រប់គ្រងប្រព័ន្អេកូឡូស៊ីព្រៃឈើ និងគម្រោងបង្ហាញនៅមហាអនុតំបន់មេគង្គ” និង​ទី៤. គម្រោងស្តីពី “ការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជឈើមានតម្លៃនៅកម្ពុជា”

ក្នុងនោះ គម្រោងទី១ និង២ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ចំពោះគម្រោងទី៣ កំពុងអនុវត្ត និង​ទី​៤ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com