សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​កិច្ច​ប​ប្រជុំ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅ​ព្រឹក​ថ្ងៃទី​២៨​សីហា​

(​ភ្នំពេញ​)៖ លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បានប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ ប្រចាំឆមាស នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។ កិច្ចប្រជុំ​នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ផ្តល់នូវ​ទស្សនវិស័យ​លើ​វិភាគទាន​រួមចំណែក​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ រយៈពេល ១​ឆ្នាំកន្លងមក​។​

​តាម​សេចក្តីប្រកាស ក្នុង​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ប្រធាន​ប្រតិភូ​គណបក្ស​នីមួយៗ មាន​ពេល​ម្នាក់ៗ ១០​នាទី ដើម្បី​ចូលរួម​យោបល់​ស្ថាបនា និង​សំណូមពរ មុននឹង​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​លើកឡើង​នូវ​ចក្ខុវិស័យ​នៃ​ការរំពឹងទុក​លើ​ការវិវត្តន៍​ជា​វិជ្ជមាន​នៃ​កំណែទម្រង់​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​។​

​នៅពេល​បញ្ចប់​កិច្ចប្រជុំ សម្តេច​តេ​ជោ ហ៊ុន សែន នឹងចូលរួម​ពិសា​ភោជនាហារ​សាមគ្គី ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ផងដែរ​។​

​សូម​រម្លឹកថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ចូលរួម​ដោយ​គណបក្សនយោបាយ ចំនួន ១៦ ក្នុងចំណោម​គណបក្ស​ចំនួន ២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨ មាន​គោលបំណង លើកស្ទួយ​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដើម្បី​ប្រមូល​ធាតុ​ចូល​នៃ​ទស្សនៈ​ពហុ​គំនិត ជា​ប្រយោជន៍​ដល់​ការស្ថាបនា​ជាតិ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com