ចៅក្រម កូយ សៅ ជូនដំណឹងដល់ទណ្ឌិត សម រង្ស៊ី និងអតីតសមាជិកឈ្មោះ គង់ ម៉ាស់ អំពីការបិទការស៊ើបសួរសំណុំរឿងញុះញង់ឲ្យពលរដ្ឋប្រឆាំងរដ្ឋាភិបាលស្របច្បាប់

(ភ្នំពេញ)៖ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ បានចេញលិខិតជូនដំណឹង ដល់ទណ្ឌិត សម រង្ស៊ី ឲ្យបានដឹងអំពីការបញ្ចប់ការស៊ើបសួរសំណុំរឿង ព្រហ្មទណ្ឌលេខ៣៥៤ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

លោកចៅក្រម កូយ សៅ បានបញ្ជាក់ក្នុងលិខិតដដែលនេះថា បន្ទាប់ពីលោកបិទការស៊ើបសួរសំណុំរឿងនេះ ត្រូវបានលោកបញ្ជូនទៅជំនុំជម្រះ តាមដីកាលេខ ៣៧៥៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។

សូមជម្រាបជូនថា សំណុំរឿងនេះ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ, លោក ហូរ វ៉ាន់, លោក កាក់ កុម្ភារ និងលោក គង់ ម៉ាស់ អតីតសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង និងជាអនុប្រធាននាយកដ្ឋានកិច្ចការ បោះឆ្នោត និងនីតិកម្ម ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ ប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ ប្រព្រឹត្តកាលពីអឡុងខែមករា ឆ្នាំ២០១៩ លើបណ្តាញសង្គម Facebook យោងតាមមាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។

សូមរម្លឹកថា លោក គង់ ម៉ាស់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅក្នុងហាងកាហ្វេ យីហោ អាលម៉ុន (ALmond) ស្ថិតនៅជិតស្ថានទូតរុស្ស៊ី ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពី អតីតសមាជិកគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង រូបនេះបានបង្ហោះសារលើបណ្តាញសង្គម Facebook ប៉ះពាល់ដល់ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល និងក្នុងគោលបំណងញុះញង់ឲ្យមហាជនយល់ច្រឡំលើរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕ (ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com