លោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ដឹកនាំសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ៤៦៥៦នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

(កណ្តាល) កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩នេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ថ្នាក់កណ្តាលចំនួន៣៥៨នាក់ រូមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សាខាខេត្តកណ្តាលចំនួន៨រូប បានរួមគ្នាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើនជាប្រជាពលរដ្ឋក្រីក្រ និងនៅតំបន់ឆ្ងាយពីសេវាសុខាភិបាល។

ពិធីនេះប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ចូលរួមក្នុងឱកាសនេះផងដែរ មានវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលរងនៃគណ:អភិបាល ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល, ឯកឧត្តម យ៉ាត ទូច នាយកខុទ្ទកាល័យ បញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក 

លោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកជូនលោកយាយ លោកតា ពុកម៉ែ មាមីង បងប្អូនអ្នកស្រុកកណ្តាលស្ទឹងទាំងអស់ និងបានជម្រាបជូនថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបានទទួលនូវសុខសន្តិភាពយ៉ាងបរិបូរណ៍ទូទាំងផ្ទៃប្រទេស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំកន្លងមកនៅកម្ពុជា។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការខំរកទទួលទានរបស់បងប្អូនយើង ប្រជាពលរដ្ឋកម្ពុជាក៏មានកម្រិតជីវភាពរស់នៅកាន់តែល្អប្រសើរឡើង ហើយអ្វីដែលត្រូវគិតគូរជាបន្តបន្ទាប់ មកទៀតនេះ គឺបញ្ហាសុខភាពនេះឯង។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ លោកជំទាវបានសំណូមពរដល់លោកយាយ លោកតា ពុកម៉ែ មាមីងទាំងអស់មេត្តាយកចិត្តទុកដាក់ បន្ថែមទៀតដល់ការថែរក្សាសុខភាពផ្ទាល់ខ្លួនរបស់យើង តាមរយៈការទទួលទានទឹកស្អាត ឬទឹកដាំពុះ ហូបស្អាត និងរស់នៅស្អាត ជាពិសេស គឺបើដឹងថា មានអាការៈមិនសូវស្រួលខ្លួនហើយ ត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពជាបន្ទាន់ និងជៀសវាងទៅរកគ្រូពេទ្យ ដែលមិនមានវិជ្ជាជីវៈត្រឹមត្រូវ ឬគ្រូពេទ្យក្រៅប្រព័ន្ធ ដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងដោយឡែកចំពោះក្មួយៗ ជាកុមារា កុមារី មុននឹងចាប់កាន់ចំណីអាហារត្រូវលាងដៃឲ្យស្អាតជាមួយសាប៊ូ។

ទន្ទឹមនឹងនេះដែរ លោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានជួយផ្តល់នូវទីតាំងសម្រាប់រៀបចំពិធីនេះ និងបានជួយសម្របសម្រួលដល់ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋយើងនាពេលនេះ ហើយក៏មិនភ្លេចថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកណ្តាលស្ទឹង, ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណ:អភិបាខេត្ត, ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងឯកឧត្តម ណុប រតនៈ ប្រធានប្រតិបត្តិយុវជនខ៤ និងសហការីទាំងអស់ ដែលជានិច្ចកាល បានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពការងាររបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាកន្លងមក។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវប្រធាន និងក្រុមការងារក៏បានចែកជូននូវវ៉ែនតាសម្រាប់លោកតា លោកយាយ និងបងប្អូន ប្រជាពលរដ្ឋដែលចូលរួមផងដែរ។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តម គីម រិទ្ធី ក្នុងនាមអាជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ យឹម ឆៃលីន ហ៊ុនម៉ានី ដែលបានដឹកនាំសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក មកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឱកាសនេះ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ ប្រកបដោយវីជ្ជាជីវៈ និងក្រមសីមធម៌ខ្ពស់ និងបានចូលរួមចំណែកយ៉ាងធំធេងដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដែលនៅឆ្ងាយពីសេវាសុខាភិបាល។ 

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានឲ្យដឹងថាការមកពិនិត្យ និងព្យាបាលជំងឺនៅខេត្តកណ្តាលលើកនេះ ជាបេសកកម្មលើកទី ១១០ហើយ នៅទូទាំង២៣រាជធានី-ខេត្ត ហើយក៏ជាលើកទី៣សម្រាប់ខេត្តកណ្តាល ក្នុងរយ:ពេលជិត៥ឆ្នាំកន្លងមកនេះ ដែលសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចុះទៅដល់ដើម្បីពិនិត្យព្យាបាល ចាក់វ៉ាក់សាំង វះកាត់ និងផ្តល់វីតាមីនប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី បងប្អូនខ្មែរឥស្លាម និងបងប្អូនជនជាតិភាគតិចសរុបចំនួន១៧៧,៤៨៨ អង្គ/នាក់ រួចមកហើយ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង