ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បច្ចេកទេស​សំដៅ​ បង្កើន​ប្រសិទ្ធិ​ភាព​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ ​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​កិច្ច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​

(​ភ្នំពេញ​)៖​ កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ មានការ​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​បច្ចេកទេស​សំដៅ​បង្កើន​ប្រសិទ្ធិ​ភាព​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​លើ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ និង​កិច្ច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៩​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ ត្រូវ​បាន​រៀបចំ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សហការ​ជាមួយ​អង្គការ​ខេ​ម​សេ​ហ្វ​ (CaMSafe)​ ក្រោម​ជំនួយ​បច្ចេកទេស​និង​ថវិកា​ពី​ស្ថាប័ន​ APIWSA​ និង​សមាជិក​ដៃគូរ​ស្ថាប័ន​។​ មន្ត្រី​នគរបាល​ចរាចរណ៍​ក្នុង​ខេត្តសៀមរាប​ផ្ទាល់​សរុប​ចំនួន​៥០​រូប​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។​ ក្រៅពី​នោះ​ក៏​មានការ​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ និង​បណ្តុះបណ្តាល​ដែល​ មានបទពិសោធន៍​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។​

​ក្នុង​ពិធី​បើក​វគ្គ​មាន​វត្តមាន​របស់​ លោក​ឧត្ដមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ លោក​វរសេនីយ៍ឯក​ថី​ វិសាល​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​កែវ​ ម៉ា​និ​ត​ តំណាង​របស់​អង្គការ​ CaMSafe​ និង​អ្នក​នាង​ អូ​លី​វ្យែ​រ​ វាយ​ឌែ​ន​ តំណាង​របស់​APIWSA​ ព្រមទាំង​មន្ត្រី​ជា​ច្រើន​រូប​ទៀត​។​ ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ លោកស្នងការ​ខេត្ត​ ក៏​បាន​អំណរ​អរគុណ​ចំពោះ​កិច្ចសហការ​ល្អ​រវាង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ជា​ពិសេស​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ក្នុង​ពេល​នេះ​ ស្រប​តាម​តម្រូវការ​ជាក់ស្តែង​ និង​ភាព​ចាំបាច់​របស់​ខេត្ត​។​

​វគ្គ​បណ្តុះបណ្តាល​រយៈពេល​២​ថ្ងៃនេះ​មាន​គោលបំណង​៖
១-​ បង្កើន​ចំណេះដឹង​អំពី​ទិដ្ឋភាព​ទូទៅ​ នៃ​ស្ថានភាព​ចរាចរណ៍​ផ្លូវ​ និង​ឥរិយាបថ​ហ​និ​ភ័យ​ និង​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​
២-​ បង្កើន​ចំណេះដឹង​អំពី​ការ​ធ្វើ​ផែនការ​ប្រតិបត្តិការ​ និង​វិធាន​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​លើ​ការ​រឹត​បន្តឹង​ចំពោះ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​
៣-​ ពង្រឹងសមត្ថភាព​ជំនាញ​ដាក់​គោលដៅ​រឹត​បន្តឹង​ និង​ប្រើប្រាស់​ម៉ាស៊ីន​វាស់​ជាតិ​អាល់កុល​ ប្រកប​ ដោយ​ប្រសិទ្ធភាព​ គុណភាព​ និង​សុវត្ថិភាព​។​
៤-​ បង្កើន​សមត្ថភាព​ដោះស្រាយ​ គ្រប់គ្រង​ និង​ធានា​សុវត្ថិភាព​គោលដៅ​ រឹត​បន្តឹង​ច្បាប់​ ក៏​ដូច​ជា​ការ​អង្កេត​ កត់ត្រា​ ប្រមូល​ភស្តុ​តាង​ និង​ធ្វើ​របាយការណ៍​។​
៥-​ ផ្ដល់​ឲ្យ​នគរបាល​ចរាចរណ៍​ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញ​ និង​សម្ភារៈ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ​មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​។​ ព្រមទាំង​
៦-​ បង្កើន​សមត្ថភាព​ជំនាញ​ដើម្បី​បណ្តុះបណ្តាល​បន្ត​ រួម​ជាមួយនឹង​សមត្ថភាព​អប់រំ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​ អោយ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។​

​សូម​បញ្ជាក់​ថា​ អង្គការ​ CaMSafe​ ក្រោម​កិច្ច​គាំទ្រ​ពី​ស្ថាប័ន​ APIWSA​ នឹង​បន្ត​សហការ​ជាមួយ​ អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដូច​គ្នា​នៅ​ខេត្ត​ព្រះ​សីហ​នុ​ បូក​រួម​ទាំង​យុទ្ធនាការ​អបរំ​ផ្សព្វផ្សាយ​នានា​ នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក​ថី​ វិសាល​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ យោង​តាម​របាយការណ៍​ នៅ​ឆ្នាំ​២០១៨​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​លើ​ផ្លូវ​មាន​ចំនួន​ ៣,២៦៧​ លើ​ ៣,៥៣១​ករណី​សរុប​ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។​ ដោយឡែក​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ ២,១៧១​ករណី​ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​១,០៣៣​នាក់​ និង​របួស​ចំនួន​៣,២២៤​នាក់​។​ ជា​មធ្យម​ មាន​មនុស្ស​ស្លាប់​ចំនួន​៦​នាក់​ និង​របួស​ចំនួន​១៨​នាក់​ក្នុង​មួយ​ថ្ងៃ​។​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​នៅ​តែ​បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់​ ៣៧%,​ ការ​មិន​គោរព​សិទ្ធ​អ​ទិ​ភាព​ ២៤%,​ ការ​មិន​ប្រកាន់​ស្តាំ​ ១២%,​ ការ​វ៉ា​ជែង​ ៩%,​ ការ​បត់​ដោយ​ធ្វេ​រ​ប្រហែស​ ៨%,​ ស្រវឹង​ ៦%,​ កត្តា​យានយន្ត​ ៣%​ និង​ការ​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ងងុយ​១%​។​

​បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០១៨​ មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវ​កើនឡើង​ចំនួន​ ១០៣​នាក់​ ស្មើនឹង​១១%​ និង​ ចំនួន​អ្នក​របួស​កើនឡើង​ចំនួន​ ៨២៥​នាក់​ ស្មើនឹង​៣៤%​។​

​លោក​កែវ​ ម៉ា​និ​ត​ តំណាង​របស់​អង្គការ​ CaMSafe​ ក៏​បាន​លើក​ឡើង​ថា​ តាម​ការ​ព្យាករណ៍​ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ និង​យន្ត​នា​ការណ៍​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាក់លាក់​ទេ​ នោះ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នឹង​អាច​កើនឡើង​រហូត​ទៅ​ដល់​ ៣២០០​នាក់​ នៅ​ឆ្នាំ​២០២០​។​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ដូចដែល​បាន​រៀបរាប់​ខាងលើ​ កិច្ចសហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ ក៏​ដូច​ជា​សកម្មភាព​អាទិភាព​នានា​ត្រូវ​បាន​អនុវត្ត​ បូក​រួម​ទាំង​ការ​ពង្រឹងសមត្ថភាព​ជំនាញ​ដល់​មន្ត្រី​នគរបាល​ក្នុង​ការ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ជាមួយ​និង​ការ​ផ្ដល់​ជូន​នូវ​ឧបករណ៍​សម្ភារៈ​សំខាន់ៗ​ គឺជា​ការ​ប្តេជ្ញា​ចូលរួម​ចំណែក​ ស្រប​តាម​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ឆ្នាំ​២០១១-២០២០​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ផែនការ​ទស្ស​វត្ស​ន៍​អង្គការសហប្រជាជាតិ​ ដើម្បី​សំដៅ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ និង​របួស​ធ្ងន់ធ្ងរ​ឱ្យ​បាន​៥០%៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com