ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​-​ស្រី​ ប្រមាណ​ជាង​២​ពាន់​នាក់​ រស់នៅ​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ ទទួល​បាន​សេវា​ពិនិត្យ​ព្យាបាល​ ជំងឺ​ដោយ​ឥត​គិតថ្លៃ​ពី​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​

(​ក្រចេះ)​៖​ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​,​ស្រី​ ប្រមាណ​ជាង​២​ពាន់​នាក់​ រស់នៅ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​ នៅ​ថ្ងៃ​ទី​២៥​ ខែសីហា​នេះ​ បាន​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ ដោយ​ឥត​គិតថ្លៃ​ពី​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដឹកនាំ​ដោយ​លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​ រួម​គណៈប្រតិភូ​ និង​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ វ៉ា​ ថន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ​។​

​ដំណើរការ​ពិនិត្យ​ និង​ព្យាបាល​នេះ​ មាន​រយៈពេល​ចំនួន​១​ថ្ងៃ​ពេញ​ ក្នុង​ទីតាំង​សាលា​បឋម​សិក្សា​បុស​លាវ​ ដោយ​បែង​ចែ​ការ​ពិនិត្យ​ជា​ ០៦​ផ្នែក​ គឺ​១-​ជំងឺ​ទូទៅ​ មនុស្ស​ចាស់​ និង​កុមារ​ ២-​ជំងឺ​ភ្នែក​ ៣-​ជំងឺ​មាត់​ធ្មេញ​ ៤-​ជំងឺ​វៈ​កាត់​ ៥-​ពិនិត្យ​អេកូ​សាស្ត្រ​ និង​៦-​រោគ​ស្ត្រី​ ក្នុង​នោះ​ដែរ​ក៏​មានការ​ផ្តល់​ជូន​នូវ​អាហារ​ក្នុង​ពេល​ពិនិត្យ​ចំនួន​២​ ពេល​ ព្រឹក​នំ​បញ្ចុក​ នំប៉័ង​សម្លរ​ការី​ និង​បាយ​ថ្ងៃត្រង់​។​

​មាន​ប្រសាសន៍​សំណេះសំណាល​ និង​នាំ​យក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ ពី​សំណាក់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ពី​លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​ បាន​មាន​ប្រសាសន៍​ថា​ ជា​និច្ច​ជា​កាល​សម្តេច​ទាំង​ពីរ​ តែងតែ​គិតគូរ​អំពី​បញ្ហា​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ គ្រប់​ទីកន្លែង​ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​គោលនយោបាយ​ ឬ​ពូជសាសន៍​នោះ​ឡើយ​ ជា​ពិសេស​គឺ​បញ្ហា​សុខភាព​អនាម័យ​ ដែល​ជា​បញ្ហា​ចម្បង​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។​

​លោក​ជំទាវ​បាន​បន្ត​ថា​ បើសិនជា​ក្រុម​វេជ្ជសាស្ត្រ​ របស់​យើងខ្ញុំ​មានការ​យឹត​យ៉ាវ​ ឬ​ខ្វះខាត​ដោយ​ប្រការ​ណាមួយ​ សុំ​ឱ្យ​បងប្អូន​មេត្តា​ជួយ​សម្រប​ប​សម្រួល​ និង​អធ្យាស្រ័យ​ក្នុង​ការ​មក​រង​ចាំ​ទទួល​ពិនិត្យ​ និង​ព្យាបាល​ ដោយ​ក្នុង​ស្ថានភាព​អ្នក​មក​ពិនិត្យ​និង​ព្យាបាល​មាន​ច្រើន​នាក់​។​

​លោកតា​ យី​វ​ ថន​ មាន​អាយុ​ជាង​៦០​ឆ្នាំ​ រស់នៅ​ឃុំ​បុស្ស​លាវ​ ស្រុក​ចិត្ត​បុរី​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ រួច​មក​ជំងឺ​បោះ​គាត់​រាង​ធូរស្រាល​ជាង​មុន​។​ លោកតា​ថា​ កើត​កើត​ជំងឺ​ហើមជើង​ សឹង​ដើរ​មិន​រួច​ តែ​ពេល​នេះ​បាន​ដើរ​រួច​តិចៗ​វិញ​ហើយ​។​

លោក​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ជួយ​ផ្តល់​សេវា​ថែទាំ​សុខភាព​ប្រចាំ​ថ្ងៃ​ ឱ្យ​កាន់តែ​បង្ខិត​ជិត​មក​ដល់​មូលដ្ឋាន​របស់​ពួក​គាត់​ ៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com