សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ នៅ​ប្រទេស​ថៃ​

(​ភ្នំពេញ)​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ នៅ​រសៀល​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ ដែល​ហៅ​កាត់​ថា​ AIPA​ លើក​ទី​៤០​ នៅ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​ ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​។​

​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា​ (AIPA)​ ជា​អង្គការ​អន្តរ​សភា​ ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​(ASEAN)​ មាន​សមាជិក​១០​ប្រទេស​ គឺ​ ប្រទេស​ប្រ៊ុ​យ​ណេ​ កម្ពុជា​ ឥណ្ឌូ​ណេ​ស៊ី​ ឡាវ​ ម៉ា​ឡេ​ស៊ី​ មី​យ៉ា​ន់​ម៉ា​ សឹ​ង្ហ​បុរី​ ថៃ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​។​

AIPA​ ជា​ការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន​ ជា​ដៃគូ​អាស៊ាន​ ក្នុង​ការ​ជំរុញ​ឲ្យ​បាន​សម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែ​មួយ​។​

​មហាសន្និបាត​អាយ​ប៉ា​ បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​ប្រទេស​ជា​សមាជិក​ផ្លាស់​វេន​គ្នា​តាម​លំដាប់​អក្ខរក្រម​ នៃ​ឈ្មោះ​ប្រទេស​តាម​អក្សរ​ឡា​តាំង​ ដើម្បី​រៀបចំ​។​ សភា​ប្រទេស​ថៃ​ រៀបចំ​មហាសន្និបាត​អាយ​ប៉ា​នៅ​ឆ្នាំ​នេះ​ គឺ​ក្រោម​ប្រធានបទ​ “​ជំរុញ​ភាព​ជា​ដៃគូ​សភា​ ដើម្បី​ការ​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​ចីរភាព​”​។​

​នៅ​កំឡុង​ពេល​មហាសន្និបាត​នេះ​ នឹង​មាន​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជំនាញ​ ជា​ច្រើន​របស់​ AIPA​ ដូច​ជា​ កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​(WAIPA)​ គណៈកម្មាធិការ​នយោបាយ​ គណៈកម្មាធិការ​សេដ្ឋកិច្ច​ គណៈកម្មាធិការ​សង្គមកិច្ច​ គណៈកម្មាធិការ​រៀបចំ​ និង​កិច្ចប្រជុំ​រវាង​ AIPA​ ជាមួយ​បណ្តា​ប្រទេស​សង្កេតការណ៍​ ជាដើម​។​

​វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ គឺជា​ការ​បំពេញបេសកកម្ម​ការទូត​សភា​នៅ​ក្នុង​ការ​ចូលរួម​កសាង​សុខ​សន្តិភាព​ ស្ថិរភាព​សង្គម​ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់​និង​ពិភពលោក​ និង​ជា​ការ​កសាង​កិត្យានុភាព​ដល់​សភា​និង​ប្រទេស​ជាតិ​ នៅ​លើ​ឆាក​អន្តរជាតិ​ ផង​ដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com