ទស្សនៈនៃការនិយម «ស្វា» ក្នុងសង្គមខ្មែរពីបុរាណ

(ភ្នំពេញ)៖ ក្នុងសង្គមខ្មែរ ខ្មែរយើងគេឃើញអក្សរសិល្ប៍ ខាងព្រហ្មញ្ញសាសនា និងខាងពុទ្ធសាសនា ដែលស៊ីជម្រៅក្នុងទឹកចិត្ត ដូនតាពីបុរាណ ក្នុងការចាក់ឬសនៃជំនឿបង្កើតនូវផ្នត់គំនិត​​​ នៃការគោរព និងទ្រទ្រង់សាសនា បន្តជានិរន្តរភាព ពីស័យមួយទៅសម័យមួយ។

ជាការពិតណាស់ផ្ទាំងអក្សរសិល្ប៍ ជាដំណាងនៃវណ្ណកម្មខាងសាសនា។ ជាក់ស្តែងអក្សរសិល្ប៍រឿង រាមកេ្តរ៍ខ្មែរបុព្វបុរសសម័យអង្គរ បានឆ្លាក់លើផ្ទំាងថ្មនៃប្រាសាទអង្គរវត្ត ពីសកម្មភាពដ៏រស់រវើក ដែលគេដឹងថារឿងនេះដំណាងឲ្យវណ្ណកម្មនៃព្រហ្មញ្ញសាសនា ជាពិសេស និកាយព្រះវិស្ណុ ឬព្រះរាយណ៍។

លក្ខណៈដែលធ្វើឲ្យអ្នកទស្សនា ឬអ្នកបានស្តាប់ការនិទានរឿងរាមកេរ្តិ៍មានការចាប់អារម្មណ៍ដក់ជាប់ក្នុងចិត្តនោះ គឺសកម្មភាពប្រយុទ្ធដ៏អង់អាចក្លាហាន និងខ្លំាងពូកែរបស់ហនុមាន(ស្វា)តែម្តង។

ចំពោះហនុមាន ជាស្វាពិសេស មានឬទ្ធានុភាព ក្នុងការប្រយុទ្ធជាមួយកងទ័ពយក្សក្រុងរាពណ៍ និងហនុមានជាសេនាដៃឯករបស់ព្រះរាម ដែលព្រះរាមជាអវតាទី៧ របស់ព្រះនរាយណ៍ក្នុងការបំពេញតួនាទីបង្ក្រាបយក្សកំណាចឃោរឃៅ គឺសំដៅទៅបង្ក្រាបចុងក្រោយគឺ យក្សក្រុងរាពណ៌ នៃនគរលង្កាតែម្តង។

ព្រះរាម និងព្រះលក្សណ៍ បានទទួលជំនួយពីកងទ័ពហនុមាន(ស្វា) ចំនួន៧០អក្ខោភិនី ពីនគរខះខិនបុរី ដែលមានសុគ្រីព និងហនុមានជាមេបញ្ជាការក្នុងការច្បំាងតតំាងជាមួយទ័ពយក្សក្រុងរាពណ៌។

ក្នុងចលនារឿងរាមកេរ្តិ៍ ខ្មែរបានបង្ហាញអំពីចម្បំាង ដ៏យូរលង់រវាងកងព្រះរាមតទល់ និងប្រឈមមុខជាមួយ កងទ័ពយក្ស ដើម្បីរំដោះយកព្រះនាងសីតា ពីកណ្តាប់ដៃយក្សមកវិញ រហូតបានសម្រេចជោគជ័យជាស្ថាព័រ។ នាពេលនោះដែរ គឺនគរលង្ការបស់យក្ស បានក្លាយទៅជាភ្នក់ភ្លើងសង្គ្រោមយ៉ាងហិនហោចខ្លោចផ្សា និងការវិនាស អន្តរាយ ធ្ងន់ធ្ងរ។

ចំពោះជោគជ័យរបស់បក្ខខាងព្រះរាម នាគ្រានោះគេឃើញសកម្មភាពលេចធ្លោរបស់ហនុមាន ដែលមាន ឬទ្ធានុភាពដ៏អង់អាចក្លាហានប្រកមដោយអច្ឆរិយៈ ដ៏អស្ចារ្យគ្មានគូប្រៀបឡើយ។ គឺដោសារមានអន្តរាគមន៍ ពីហនុមាន និងកងទ័ពស្វាដ៏ស្ទាត់ជំនាញក្នុងការប្រយុទ្ធនោះហើយ ទើបព្រះរាមបានសម្រេចបំណងដោយទទួលនូវមហាជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងការរំដោះយកបាន ព្រះនាងសីតាមកវិញ។

មជ្ឈដ្ឋានអ្នកទស្សនាក៏ដូចជាអ្នកស្តាប់នូវការនិទានរឿងរាមកេរ្តិ៍ ហើយដែលគេបានចេះចាំ និងបន្តលើកឡើង តាមរយៈការនិយាយប្រាប់គ្នានោះ គឺជាសកម្មភាព ប្រយុទ្ធរបស់ហនុមាន(ស្វា) ដ៏ស្ទាត់ជំនាញ ដ៏ប៉ិនប្រសប់ និងដ៏ខ្លំាងពូកែ ក្នុងការទប់ទល់ ព្រមទំាងកម្ចាត់ពួកយក្សឲ្យវិនាសជាអសារបង់។

បានសេចក្តីថាគ្រប់ឧបសគ្គទំាងអស់ចំពោះមុខត្រូវហនុមាន(ស្វា) រារាំងនិងការពារព្រមទំាងប្រយុទ្ធ យកជ័យជំនះ គួរឲ្យសង្ឈឹមកក់ក្តៅយ៉ាងក្រៃលែងបំផុត។

ទាក់ទង និងជ័យជំនះរបស់ព្រះរាមទៅលើពួកយក្សតាមរយៈ កងទ័ពស្វាដ៏ខ្លំាងក្លានេះ បានធ្វើឲ្យដូនតាខ្មែរមានជំនឿលើសត្វស្វា ថាជាសត្វរពិស និងរប៉ិលរប៉ូច តែឆ្លាតវាងវៃ ព្រមទំាងមានប្រាជ្ញា អាចការពារឧបសគ្គនានា បានសម្រេច។ ជាពិសេសគេយល់ថា ក្នុងការបង្រ្កាបយក្ស ប្រសិនបើពុំមានជំនួយកងទ័ពស្វានោះទេ ប្រាកដជា ព្រះរាម និងព្រះលក្មណ៍ មិនអាចធានាបានទទួលជោគជ័យនោះទេ។

ដោយយល់ឃើញ យ៉ាងនេះទើបដូនតាខ្មែរមានជំនឿលើស្វា ដោយមានការចិញ្ចឹមស្វាតាមគ្រួសារដើម្បីកុំឲ្យមានជំងឺ រាតត្បាតសត្វពាហនៈ ឬសត្វដែលបានចិញ្ចឹមយកផល។ មិនតែប៉ុណ្ណោះដូនតា បានយកក្បាល លលាដ៏ដូងដែលមានលំនាំ ដូចជាមុខស្វាយកមកធ្វើជាបន្តោងក បំពាក់ឲ្យកូនក្មេង ក្នុងបំណងឲ្យស្វាការពារ កុំឲ្យមានជំងឺមកបៀតបៀន រាងកាយ កូនចៅឡើយ៕ (ដោយ៖ លី ហាក់សេង)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com