សិក្ខាកាមកម្ពុជាមកពីវៀតណាមបង្ហាញក្តីរំពឹងថាខ្លួននឹងសរសេរព័ត៌មានស៊ើបអង្កេតឲ្យបានល្អបំផុតដើម្បីសុក្រឹតភាពវិជ្ជាជីវៈ

(ក្រុងហូជីម៉ិញ)៖ មន្ត្រីព័ត៌មានកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាលពីរបៀបសរសេរព័ត៌មានបែបស៊ើបអង្កេត នៅទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម រយៈពេល៥ថ្ងៃនោះ ពេលនេះពួកអះអាងថា ពិតជាទទួលបានចំណេះដឹងថ្មីៗពីរបៀបសរសេរព័ត៌មានបែបស៊ើបអង្កេត ពីអ្នកជំនាញការវៀតណាម។

ពួកគេរំពឹងថាចំណេះដឹងថ្មីដែលទើបទទួលបាននេះ អាចអនុវត្តនៅអង្គភាពសារព័ត៌មានរបស់ខ្លួន
ជាមួយនឹងកិច្ចអភិវឌ្ឍន៍មួយដ៏មានប្រសិទ្ធភាព និងតម្លៃ។

លោក អ៊ុង ភក្តី មន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀង ផ្នែកការិយាល័យទូរទស្សន៍ បានលើកឡើងក្នុងថ្ងៃបិទវគ្គបណ្តុះបណ្តាលនេះថា៖ លោកពិតជាទទួលបានចំណេះដឹងច្រើននូវវិធីសាស្ត្រថ្មីៗ ពីរបៀបស៊ើបអង្កេតព័ត៌មាននីមួយៗ ដែលលោកគ្រូ-អ្នកគ្រូ បានចែករំលែកពីស្ថានភាពជាក់ស្តែង ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួននាពេលកន្លងមក ជាពិសេសវិធីដោះស្រាយ និងវិធីការពារខ្លួនជាដើម។

លោក អ៊ុង ភក្តី បានបន្តថា៖ សម្រាប់ខ្លួនលោកផ្ទាល់ ក៏ធ្លាប់មានបទពិសោធន៍យកព័ត៌មានខ្លះៗដែរនាពេលកន្លងមក តែមិនសូវជាច្បាស់លាស់ និងនៅមានភាពស្រពិចស្រពិលនៅឡើយ តែបន្ទាប់ពីវគ្គបណ្តុះបណ្តាលនៅទីក្រុងហូជីម៉ិញមក លោកសង្ឃឹមថា នឹងអាចអនុវត្តជាមួយនឹងការធ្វើព័ត៌មានបែបស៊ើបអង្កេតនេះបានពី៧០ទៅ៨០ភាគរយ សម្រាប់អង្គលោកផ្ទាល់នាពេលខាងមុខនេអផងដែរ។

ឯលោកស្រី ប៉ូ ចាន់រស្មី ប្រធានការិយាល័យព័ត៌មាន និងសោតទ្សន៍ខេត្តកំពត បានឲ្យដឹងថា៖ នៅពេលបានទទួលនូវចំណេះដឹងក្នុងការសរសេរព័ត៌មានបែបស៊ើបអង្កេតនេះ ធ្វើអោយលោកស្រី និងស្ថាប័នរបស់លោកស្រី នឹងទទួលភាពជោគជ័យលើវិល័យព័ត៌មាន ហើយសម្រាប់លោកស្រីវគ្គបណ្ដុះបណ្ដាលនេះ ពិតជាទទួលបានចំណេះដឹងច្រើន ពិសេសព័ត៌មានស៊ើបសង្កេត។ លោកស្រីបន្តថា ជាមួយគ្នានេះ ក៏ទទួលបានវិធីសាស្ត្រការពារ រក្សាសិទ្ធិ…សម្រាប់អ្នកសារព័ត៌មានដែរ និងបានយល់ដឹងជាច្រើននូវជំនាញជាបទពិសោធន៍របស់លោកគ្រូ-អ្នកគ្រូទៀតផង។

នៅក្នុងបិទវគ្គបណ្ដុះបណ្ដាលវិធីសាស្ត្រ សរសេរព័ត៌មានបែបស៊ើបអង្កេត នៅថ្ងៃទី២៣ ខែសីហា នាំ២០១៩នេះ មានការអញ្ជើញជាអធិបតីពីឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជា លោក Dâng Khác Lai (ដាំង ខាក់លឺច) អគ្គនាយករង នៃអគ្គនាយកដ្ឋានសារព័ត៌មាន ក្រសួងព័ត៌មាននិងទូរគមនាគមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកគ្រូ-អ្នកគ្រូ បង្គោល២រូប និងសិក្ខាកាមកម្ពុជាជាច្រើនរូបទៀត នៅសណ្ឋាគារ Rang Dong ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

លោក ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករងនៃអគ្គនា យកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថនៃក្រសួងព័ត៌មានកម្ពុជា បានលើកឡើងដោយបង្ហាញក្តីសង្ឃឹម ការជឿជាក់យ៉ាងមុតមាំថា៖នៅពេលត្រលប់ទៅកម្ពុជាវិញ សម្រាប់លោកផ្ទាល់ ក៏ដូចជាសិក្ខាកាមទាំងអស់ បានយល់បន្ថែមអំពីការងារចុះស្រាវជ្រាវស៊ើបអង្កេត ករណីកើតឡើងដើម្បីប្រមូលបានព័ត៌មានពិត ការសរសេរប្រកបដោយវិជ្ជាជីវៈ ដែលជាវិធីសាស្ត្រដ៏ល្អជួយឱ្យមិត្តរួមអាជីពអ្នកកាសែតអាចរក្សាបាននូវសុខសុវត្ថិភាព ក្នុងបេសកកម្មការងារ រក្សាបាននូវទំនុកចិត្តជាមួយមិត្តអ្នកអាន រក្សាបាននូវសុវត្ថិភាពជូនប្រភពព័ត៌មានទាំងភស្តុតាង និងសាក្សី ដែលជាមាគ៌ាដ៏ល្អនាំឱ្យការងាររបស់អ្នកសារព័ត៌មានទទួលបានជោគជ័យ ហើយនាំមកនូវសុក្រឹតភាពក្នុងវិជ្ជាជីវៈ ម្យ៉ាងវិញទៀតជៀសវាងបាននូវបញ្ហាប្រឈមផ្នែកផ្លូវច្បាប់៕ (SN-PK)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com