ការដោះស្រាយបញ្ហាទឹកស្អុយបង្ហូរចូលសមុទ្រ និងប្រព័ន្ធលូទឹកភ្លៀង ​​នៅព្រះសីហនុ​ គ្រោងចំណាយ​ថវិកា​ប្រមាណ​១៧០​លាន​ដុល្លារ​

(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលាស្តីពីការសិក្សាផែនការមេ និងសមិ​ទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ នាថ្ងៃទី២៣ ខែសីហានេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា គម្រោងចម្រោះទឹកកខ្វក់នៅព្រះសីហនុជំហានដំបូង ត្រូវទុកទឹក ៤ម៉ឺនម៉ែគូបក្នុង១ថ្ងៃ ត្រូវចំណាយថវិកា៥០លានដុល្លារ ដូច្នេះខេត្តព្រះសីហនុ ត្រូវសាងសង់ប្រព័ន្ធលូមេ ៤០គីឡូម៉ែត្របន្ថែមទៀត ត្រូវចំណាយថវិកា ៤០លានដុល្លារ និងសាងសង់លូតូចៗ ៤៧គីឡូម៉ែត្រ ចំណា​យ​ថវិកា៨លានដុល្លារ ជាពិសេសសាងសង់កន្លែងបូមទឹកកខ្វក់ ត្រូវចំណាយថវិការ ១៥លានដុល្លារ។

លោកបន្តថា៖ “ចឹងបូកសរុបមកប្រហែលជា ១៤០លានដុល្លារជាងហ្នឹង ចម្រោះទឹកកខ្វក់។ ប្រព័ន្ធលូទឹកភ្លៀង យើងត្រូវសាងសង់លូ២០គីឡូម៉ែត្រ ចឹងត្រូវប្រើថវិកា២៥លានដុល្លារបន្ថែមទៀត។ចឹងបូកសរុបទាំង​អស់ប្រហែលជា​១៧០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បីដោះស្រាយប្រព័ន្ធទឹកស្អុយ ដំណាក់កាលទី១ ​និង​ប្រព័ន្ធរំដោះ​ទឹក​ភ្លៀងដំណាក់កាលទី១”។ លោកបានបន្ថែមថា នាពេលអនាគតខេត្តព្រះសីហនុមានពលរដ្ឋ និងសណ្ឋាគារច្រើនបន្ថែមទៀត ដូច្នេះនឹងពង្រីកអាងទឹកកខ្វក់បន្ថែមទៀតឲ្យបាន​១៦ម៉ឺនម៉ែតគូបក្នុង១ថ្ងៃ។

ថវិកាដែលនឹងយកមកសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ អាចជាប្រាក់កម្ចី ជំនួយឥតសំណាង ឬថវិកាពីសប្បុរសជននានា។ នេះបើតាមការឲ្យដឹងបន្ថែមពីលោក ស៊ុន ចាន់ថុល។

យោងតាមសេចក្តីព្រាងផែនការមេ បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុត្រូវបានប៉ាន់ប្រមាណថានឹង​មានចំនួនប្រមាណ ២៥.៧០០ ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០១៨ និងមានបរិមាណប្រមាណ ៤៧.០០០​ម៉ែត្រ​គូប/ថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ ៦៤.០០០ ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០៣០។ ផែនការមេបាន​បែងចែកផ្ទៃប្រមូលទឹកកខ្វក់ចំនួន ០៨ ដោយត្រូវសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ០៤ ​និង​ការសាងសង់​បណ្តាញលូមេប្រវែង ១៥៧ គ.ម បណ្តាញលូមេរងប្រវែង ៦៥ គ.ម និងបណ្តាញលូលូត​ភ្ជាប់​ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង ២១០ គ.ម៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com