ក្រសួងសាធារណការ គ្រោងយកថវិកាពីម្ចាស់សណ្ឋាគារ ​និងផ្ទះពលរដ្ឋ ​ដើម្បីគ្រប់គ្រង​លើការបញ្ចេញទឹកកខ្វក់ ​ក្នុង​ក្រុង​ព្រះសីហនុ​

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ បានថ្លែងថា ក្រសួងសាធារណការ គ្រោងប្រមូលថវិកាពីម្ចាស់សណ្ឋាគារ និងផ្ទះប្រជាពលរដ្ឋ ដើម្បីយកមកគ្រប់គ្រង និងជួស​ជុល​ប្រព័ន្ធទឹកកខ្វក់ នៅខេត្តព្រះសីហនុ។

ក្នុងសិក្ខាសាលាស្តីពីការសិក្សាផែនការមេ និងសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅទីក្រុងព្រះសីហនុ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោកបានឲ្យដឹងថា អាងចម្រោះទឹកពេលបច្ចុប្បន្នមិនអាចបានគ្រប់គ្រាន់នោះទេ ដូច្នេះភាគីពាក់ព័ន្ធព្យាយាមកែច្នៃធ្វើអាងចម្រោះទឹក ដែលមានសមត្ថ​ភាព អាចចម្រោះទឹកឲ្យ បាន៤ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ នៅឆ្នាំ២០២១ខាងមុខ។ លោកបន្តថា ខេត្តព្រះសីហនុត្រូវការស្ថានីយ៍ចម្រោះទឹក៤កន្លែង ទើបអាចចម្រោះទឹកកង្វក់ទាន់ពេលវេលាដើម្បីកុំឲ្យហូរចូលទៅក្នុងសមុទ្រ។

បើតាមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សព្វថ្ងៃខេត្តព្រះសីហនុ​ត្រូវ​ការ​លូ​មេ​ ដើម្បី​រំដោះ​ទឹកកង្វក់ប្រវែង ១៥៧​គីឡូ​ម៉ែត្រ ព្រមទាំង​លូរង​ប្រវែងប្រមាណ​ ២០០គីឡូម៉ែត្រ​ថែមទៀត ដើម្បីបង្វែរទឹកកង្វក់ចូលទៅក្នុង​អាងចម្រោះ ដែលនេះគឺត្រូវចំណាយថវិកាយ៉ាងច្រើន។ លោកបន្ថែមថា៖ “ចឹងត្រូវការថវិកាដើម្បីកសា​ង​ផង ដើម្បីយើងធ្វើអាងចម្រោះទឹកកខ្វក់ ហើយនេះយើងត្រូវតែគ្រប់គ្រងវា។ ចឹងចំណូលហ្នឹងមកពីណាត្រូវចំណាយ ចឹងយើងត្រូវការចំណូលដើម្បីគ្រប់គ្រងស្ថានីយ៍របស់យើងឲ្យមានប្រសិទ្ធិភាព ។ ក្នុងនៅកិច្ចប្រជុំនេះ នឹងពន្យល់តើសណ្ឋាគារយកប៉ុន្មាន ? ផ្ទះប្រជាពលរដ្ឋយើងយកប៉ុន្មាន ? ដើម្បីល្មម​យក​មក​គ្រប់គ្រងទឹកកខ្វក់នេះឯង”៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com