គណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ បើកវគ្គបណ្តុះបណ្តាលនគរបាលយុត្តិធម៌របស់ខ្លួនអំពីការអនុវត្តច្បាប់ប្រឆាំងផលិតផលក្លែងក្លាយ

(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទីភារកិច្ច របស់មន្ត្រីនគរបាលយុត្តិធម៌ និងហានិភ័យរបស់សមត្ថកិច្ចក្នុងពេលចុះបង្រ្កាបប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ដល់កម្លាំងនគរបាលជំនាញរបស់ខ្លួន។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ក្រោម ឯកឧត្តម​​ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ។

នៅក្នុងឱកាសនោះ ឯកឧត្តម​​ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ​ឡើង គឺក្នុងគោលបំណង​ ចែករំលែក និងផ្តល់បទពិសោធន៍​ ជូនដល់កម្លាំងនគរបាលជំនាញរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ឲ្យស្របតាមនីតិវិធីនៅពេលចុះបំពេញបេសកកម្មការងារ​។

ឯកឧត្តម​​ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបន្ថែមថា ដើម្បីអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព មន្ត្រីនគរបាលយុត្តិធម៍​គប្បី មានចំណេះដឹងមូលដ្ឋានអំពីនីតិវិធីច្បាប់ ឲ្យបានច្បាស់លាស់ ជាមុនសិន។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមជានគរបាលយុត្តិធម៌ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ចូលរួមប្រមាណជាង ១០០នាក់ ដោយទទួលបានការចែករំលែកបទពិសោធន៍ និងចំណេះដឹងពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ សេង សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវ វិទ្យាស្ថាននគរបាល នៃបណ្ឌិតសភានគរបាលកម្ពុជា និងលោក ឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ក្រោយពីបើកវគ្គបណ្តុះបណ្តាល ដល់កម្លាំងនគរបាលយុត្តិធម៌របស់ខ្លួនរួច គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ មានគម្រោងបើកយុទ្ធនាការ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីចុះស្រង់ស្ថិតិក្រុមហ៊ុន សហគ្រាស និងសិប្បកម្ម ដែលមានច្បាប់អនុញ្ញាតពីក្រសួងជំនាញត្រឹមត្រូវ ទូទាំងប្រទេសនាពេលឆាប់ៗនេះ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com