ដល់​ថ្ងៃ​កំណត់ ថ្ងៃទី​២៤​សីហា ក្រុមហ៊ុន ដឹកជញ្ជូន​កាកសំណល់​ប្លា​ស្ទិ​ក តែ ១៤​កុងតឺន័រ នៅសល់ ៦៩​កុងតឺន័រ សុំ​ពន្យារពេល ដល់​ថ្ងៃទី​២៥​តុលា​!

(​ភ្នំពេញ​)៖ ទីបំផុត​ទៅ ក្រុមហ៊ុន​ចិន Chung Yuen Plastic Manufacture Co., LTD បាន​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​គ្រប់​ចំនួន បង់ថ្លៃ​ចំណត​ផែ និង​ថ្លៃ​កប៉ាល់​មួយចំនួន ហើយ​ក៏បាន​ដឹកជញ្ជូន​កាកសំណល់​ប្លា​ស្ទិ​ក ចេញពី​កម្ពុជា ចំនួន ១៤​កុងតឺន័រ កាលពី​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។ ប៉ុន្តែ​នៅសល់​កាកសំណល់ ៦៩​កុងតឺន័រ​ទៀត ក្រុមហ៊ុន​នេះ បាន​សុំ​ពន្យារពេល ដឹក​ចេញពី​កម្ពុជា រហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ បង្ហាញថា ដោយហេតុថា ក្រុមហ៊ុន​កប៉ាល់​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ បាន​ជួប​បញ្ហា​មួយចំនួន រួមមាន​៖ អាកាសធាតុ មិន​អំណោយផល ធ្វើ​ឲ្យ​ខកខាន​ជើង​កប៉ាល់ និង​ទំនិញ​កកស្ទះ​ជាច្រើន ដែល​ទទួល​កក់​ពី​អតិថិជន​ផ្សេងៗ​ទៀត ដូច្នេះ​ទើប​ក្រុមហ៊ុន Chun Yuen Plastic Manufacture Co., LTD បាន​ស្នើសុំ​ពន្យារពេល​ការដឹកជញ្ជូន​កាកសំណល់​ប្លា​ស្ទីក ដែល​នៅសល់ ចំនួន ៦៩ កុងតឺន័រ​ទៀត តាម​តារាង​ពេលវេលា ដែល​ក្រុមហ៊ុន​កប៉ាល់ បាន​ផ្តល់ជូន គិត​ចាប់ពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​កម្ពុជា បានប្រកាស​ពី​ការរកឃើញ​កុងតឺន័រ​ចំនួន ៨៣​កុងតឺន័រ មាន​ផ្ទុក​សុទ្ធតែ​កាកសំណល់​ផ្លា​ស្ទីក នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។ កាកសំណល់​ទាំងនោះ ជា​របស់​ហាមឃាត់​នាំចូល​កម្ពុជា ហើយ​ត្រូវបាន​ក្រុមហ៊ុន​ចិន Chun Yuen Plastic Manufacture Co., LTD លួច​នាំចូល​ដោយ​ខុសច្បាប់​មក​កម្ពុជា ជា​បន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ដើមឆ្នាំ​២០១៩​។​

​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានប្រកាស​ពី​វិធានការ​ដាក់បន្ទុក​លើ​ក្រុមហ៊ុន ជុង​យាន ផ្លា​ស្ទិ​ក ដែល​បាន​នាំចូល​កាកសំណល់​ផ្លា​ស្ទិ​ក ៨៣ កុងតឺន័រ ទម្ងន់ ១៥៩២ តោន គឺ​ត្រូវ​នាំចេញ​ទំនិញ​ទាំង ៨៣​កុងតឺន័រ ទៅកាន់​ប្រទេស​ដើម​វិញ និង​ត្រូវ​បង់ប្រាក់​ពិន័យ ចូល​រដ្ឋ ចំនួន ១០៣៧ លាន ៥០​ម៉ឺន​រៀល​។ ក្រុមហ៊ុន ដែលមាន​ប្រធាន​ជា​ជនជាតិខ្មែរ​នេះ ត្រូវ​នាំ​ទំនិញ​ទាំងនេះ ចេញពី​កម្ពុជា និង​ត្រូវ​បង់លុយ​ចូល​រដ្ឋ ឲ្យ​បាន​មុន​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​។​

​ក្នុង​សន្និសីទកាសែត លោក គុណ ញឹម បាន​បញ្ជាក់ថា បើសិនជា​ក្រុមហ៊ុន ជុង​យាន ផ្លា​ស្ទិ​ក មិន​អនុវត្ត​នូវ​វិធានការ ដែល​បាន​ដាក់ចេញ​ទាំង ៣​ចំណុច​នេះ​ទេ នោះ​រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ​តាមផ្លូវ​តុលាការ​។​

​លោក គុណ ញឹម ក៏បាន​ប្រកាសថា កាកសំណល់​ផ្លា​ស្ទិ​ក ទាំង ៨៣ កុងតឺន័រ មាន​ទម្ងន់ ១៥៩២ តោន នាំចូល​ដោយ​ក្រុមហ៊ុន ចុង​យាន ផ្លា​ស្ទិ​ក ដែលមាន​ប្រធាន ជា​ជនជាតិខ្មែរ​។ កុងតឺន័រ​ផ្លា​ស្ទិ​ក​ទាំង ៨៣ កុងតឺន័រ​នេះ ត្រូវបាន​នាំ​ចូលមក​កម្ពុជា ចំនួន ២៧ លើក តាម​នាវា ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែមករា ឆ្នាំ​២០១៩​។ ក្នុងនោះ ៧០​កុងតឺន័រ នាំ​មកពី​អាមេរិក និង ១៣​កុងតឺន័រ នាំ​មកពី​ប្រទេស​កាណាដា​។ មុន​នាំចូល​មកដល់​កម្ពុជា ទំនិញ​ផ្លា​ស្ទិ​ក​ទាំង ៨៣ កុងតឺន័រ ត្រូវបាន​នាំ​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សឹង្ហ​បុរី ម៉ាឡេស៊ី និង​វៀតណាម​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com