មេបញ្ជាការ​កងទ័ព​ក​ម្ពុ​ជា​-​ឡាវ ចរចា​ពីរ​ថ្ងៃ​ហើយ តែ​មិនទាន់​ត្រូវ​គ្នា នឹង​ទុក​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ ដោះស្រាយ ដើម្បី​បញ្ជៀ​ស​ការប៉ះទង្គិច​

(​ភ្នំពេញ​)៖ កងទ័ព​កម្ពុជា និង​ឡាវ កំពុង​ឈរជើង ដោយសារតែ​បញ្ហា​ព្រំដែន នៅ​ចំណុច​ទន្លេរពៅ ក្នុង​តំបន់​មុំ​បី នៅ​ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​។ មេបញ្ជាការ​កងទ័ព​ក​ម្ពុ​ជា​-​ឡាវ នៅ​តំបន់​ព្រំដែន​នោះ បាន​ជួបចរចា​គ្នា តាំងពីរ​ថ្ងៃ​ហើយ ហើយ​នៅ​ថ្ងៃទី​២៣​សីហា​នេះ ក៏បាន​ជួបចរចា​គ្នា​បន្តទៀត ដើម្បី​បញ្ជៀ​ស​ការប៉ះទង្គិច​។ តែ​មិនទាន់​ត្រូវ​គ្នា​នៅឡើយ​ទេ ហើយ​កងទ័ព ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ ដោះស្រាយ​។​

​លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក បាន​ប្រាប់ Swift News នៅ​យប់​ថ្ងៃទី​២៣​សីហា​នេះ​ថា រហូតដល់​ពេលនេះ ស្ថានភាព​នៅ​តំបន់​ព្រំដែន​ខេត្តព្រះវិហារ នៅ​ចំណុច​មុំ​បី​នោះ មាន​ស្ថានភាព​ធម្មតា ហើយ​លោក​ថា ពុំមែន​ជាការ​ប្រឈមមុខ​ដាក់គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ​ឡើយ​។

​លោក ម៉ៅ ផល្លា ក៏បាន​បដិសេធថា ទាំង​កម្ពុជា និង​ទាំង​កងទ័ព​ឡាវ មិនមាន​បង្កើន​កម្លាំង​ទ័ព ដូច​ការផ្សព្វផ្សាយ​នោះទេ​។ មេបញ្ជាការ​កងទ័ព​ទាំងពីរ ក៏បាន​ជួបចរចា ពិភាក្សាគ្នា តាំងពី​មួយថ្ងៃ​ពីរ​ថ្ងៃមុន រហូតដល់​ថ្ងៃនេះ​ទៀត គឺ​យើង​កំពុង​ចរចា​គ្នា​។ បើ​ចរចា នៅតែ​មិនត្រូវ​គ្នា គឺ​យើង​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​ទាំងពីរ ដោះស្រាយ​។​

​យ៉ាងណាក៏ដោយ លោក ម៉ៅ ផល្លា បញ្ជាក់ថា ការឈរជើង​នៅ​តំបន់​មុំ​បី​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ ដោយសារតែ​ឡាវ​អះអាងថា តំបន់​ព្រំដែន​នោះ ជា​ទឹកដី​របស់ខ្លួន ខណៈដែល​កម្ពុជា​យើង ក៏បាន​ចាត់ទុកថា នៅ​ចំណុច​ទន្លេរពៅ ក្នុង​តំបន់​មុំ​បី នៅ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ ជា​ទឹកដី​របស់​កម្ពុជា​យើង​ដែរ​។​

​សូមបញ្ជាក់ថា ការលើកឡើង​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ បង្ហាញ​ពី​ការបង្កើន​កងទ័ព​រប​ស់​ឡាវ មកកាន់​ចំណុច​ព្រំដែន​ខេត្តព្រះវិហារ​។ រីឯ​កងទ័ព​កម្ពុជា ក៏​ត្រូវបាន​បន្ថែមចំនួន​ទ័ព​ទៅកាន់​តំបន់​នោះ ហើយ​កម្ពុជា​ក៏បាន​ប្រជុំ​ត្រៀម​ជម្លៀស​ប្រជាជន ៤​ភូមិ ចេញពី​តំបន់​ជម្លោះ នៅពេល​មាន​ហេតុការណ៍​ប៉ះទង្គិច​ដោយ​អាវុធ​ណាមួយ​កើតឡើង​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com