សារ​របស់​ឯកឧត្តម​ ហ៊ី​ដេ​ហ៊ី​សា​ ហូ​រី​ណូ​អ៊ុ​ជិ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូន​ចំពោះ​ប្រជាជន​កម្ពុជា​ នា​ឱកាស​បញ្ចប់​បេស​កម្ម​របស់​ឯកឧត្តម​នៅ​កម្ពុជា​

(​ភ្នំពេញ)​៖​ ឯកឧត្តម​ ហ៊ី​ដេ​ហ៊ី​សា​ ហូ​រី​ណូ​អ៊ុ​ជិ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ឯកឧត្តម​ មាន​អារម្មណ៍​សោកស្តាយ​បន្តិច​ ដែល​ជម្រាប​ជូន​ថា​ នេះ​ជា​សារ​ចុង​ក្រោយ​របស់​ឯកឧត្តម​ ក្នុង​ឋានៈ​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​ពេលវេលា​ពិតជា​ដើរ​លឿន​។​ ប្រមាណ​៣​ឆ្នាំ​កន្លង​ផុត​ទៅ​ ក្រោយ​ពេល​ឯកឧត្តម​ និង​ភរិយា​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ នា​ឆ្នាំ​២០១៦​។​ ៣​ឆ្នាំ​នេះ​ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​សម្រាប់​យើងខ្ញុំ​ទាំង​ពីរ​។​ ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​ ៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន​ និង​កម្ពុជា​ ក៏​មាន​សន្ទុះ​ឈាន​ទៅ​មុខ​យ៉ាង​ខ្លាំង​ផង​ដែរ​។​ ទាំង​ពាណិជ្ជកម្ម​ទ្វេភាគី​ ការ​វិនិយោគ​ផ្ទាល់​ និង​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​នានា​ ក៏​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។​ ទន្ទឹម​នឹង​នេះ​ឯកឧត្តម​ក៏​បាន​ចូលរួម​ពិធី​សម្ពោធ​ផ្សេងៗ​ នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​ជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ​ ដូច​ជា​ការ​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ជាដើម​។​

​ចំណែក​ទំនាក់ទំនង​ក្នុង​វិស័យ​នយោបាយ​វិញ​ ឯកឧត្តម​មានភ័ព្វ​សំណាង​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​កម្ពុជា​រវាង​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​អា​បេ​ និង​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចំនួន​៣​លើក​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ​។​

​ឯកឧត្តម​មាន​សេចក្តី​សប្បាយ​រីករាយ​ ដែល​សម្តេច​តេ​ជោ​បាន​សម្រេចចិត្ត​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ជា​រៀង​រាល់​ឆ្នាំ​។​ ប្រទេស​ជប៉ុន​បាន​និង​កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ឯកឧត្តម​បាន​បន្ត​ផ្តល់​ជំនួយ​ដល់​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​ ហើយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​មុន​ យើង​បាន​ចាប់ផ្តើម​កម្មវិធី​ដើម្បី​អញ្ជើញ​យុវជន​កម្ពុជា​ ដែល​មាន​ចំណាប់អារម្មណ៍​ផ្នែក​នយោបាយ​ មក​ពី​ ស្ថាប័ន​នានា​ ទៅ​ស្វែង​យល់​ពី​បទ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​។​

​ម្យ៉ាងវិញទៀត​ ខ្ញុំ​ផ្ទាល់​ក៏​ទទួល​បានការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំងក្លា​ដែរ​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​។​ ជាក់ស្តែង​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ជប៉ុន​ បាន​ទទួល​ការ​គាំទ្រ​ និង​មតិយោបល់​ល្អៗ​ជា​ច្រើន​។​

​ឯកឧត្តម​ និង​ភរិយា​ នឹង​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ស​ប្តា​ហ៍​ក្រោយ​នេះ​ ក៏​ប៉ុន្តែ​សម្រស់​នៃ​ប្រទេស​កម្ពុជា​បាន​ផ្តល់​ក្តី​ស្រមៃ​ដល់​យើងខ្ញុំ​ថា​នឹង​ត្រលប់​មក​កាន់​ទឹកដី​ដ៏​អស្ចារ្យ​នេះ​ជា​ថ្មី​នា​ថ្ងៃ​អនាគត​។​ រាជធានី​ភ្នំពេញ​ នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ជាមួយនឹង​ព្រ​លាន​យន្តហោះ​ថ្មី​ អាគារ​ខ្ពស់ៗ​ជា​ច្រើន​ ព្រមទាំង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ សាធារណៈ​ថ្មី​។​ ឯកឧត្តម​ក៏​អាច​នឹង​មានឱកាស​សា​ជា​ថ្មី​ដើម្បី​និយាយ​ភាសា​ខ្មែរ​។​

​ជា​ចុង​ក្រោយ​ ឯកឧត្តម​សូម​ជូនពរ​ ប្រជាជន​កម្ពុជា​ទាំងអស់​ សូម​មាន​សុខភាព​ល្អ​ សុភមង្គល​ និង​សូម​ឲ្យ​ទំនាក់ទំនង​ជប៉ុន​ និង​កម្ពុជា​កាន់តែ​រីក​ចម្រើន​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com