តុលាការសម្រេចឃុំខ្លួនបុរសជាចោរប្លន់ប្រដាប់អាវុធប្រចាំរាជធានីភ្នំពេញ ៣នាក់ ជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទជាក្រុមចោរប្លន់ប្រដាប់អាវុធ ៣នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ម១។

ការសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឈ្មោះ សុច ច័ន្ធរិន ហៅនិន ភេទប្រុស អាយុ ៣៣ឆ្នាំ, ឈ្មោះ សំ បណ្ឌិត ភេទប្រុស អាយុ ៣៣ឆ្នាំនិងឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ ៣១ឆ្នាំ បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការចោទប្រកាន់ពួកគេ ពីបទ លូចមានស្ថានទម្ងន់ទោស ប្រព្រឹត្តក្នុងទឹកដីរាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

សូមរម្លឹកថា សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និហឃាត់ខ្លួនក្រុមជនត្រូវចោទទាំង ៣នាក់ខាងលើជាបន្តបន្ទាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

ការឃាត់ខ្លួនធ្វើឡើង បន្ទាប់ពីក្រុមជនត្រូវចោទបានធ្វើសកម្មភាពឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងទឹកដីរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅចំណុចមុខផ្ទះលេខ៤៩៤អឺ០ ផ្លូវព្រះសីហនុ ក្រុម៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងកាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ចំណុចមុខផ្ទះលេខ១៦៩អឺ០ ផ្លូវលេខ៣៣៦ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com