សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងច្បាស់ថា កម្លាំងប្រដាប់អាវុធ ហាម​ដាច់ខាត​មាន​ងារ​ជា «​ឧកញ៉ា​»

(ភ្នំពេញ)៖ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់គណបក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃទី​២២ ខែ សីហា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាប្រធាន គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដាច់​ណាត់ គឺ​ហាម​មិនឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ​មានដូចជា ទាហាន​ នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​ឡើយ ដែល​កន្លងមក ​មាន​មួយចំនួន បាន​យក​តួនាទី​ទាំងនេះ​ ទៅ​ប្រកបការងារ​ផ្សេងៗ​ខុសច្បាប់​។​

​ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ត “​អភិក្រម​ទី​៥” ដែល​បាន​ដាក់ចេញ​នៅក្នុង​អាណត្តិ​ទី​៦​នេះ​ដែល​កំពុង​ធ្វើជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​បន្ថែម​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អំពី​ករណី​ពាក់ព័ន្ធ​ទៅនឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​ត្រូវអនុវត្ត​ការ​បង្កក​និង​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងនោះ​តែម្តង​។

បទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ដូច្នេះក៏ត្រូវបានសម្តេច​ ប្រកាសផ្សព្វផ្សាយជាថ្មីទៀត តាមហ្វេសប៊ុកផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com