អគ្គស្នងការដ្ឋាននគរបាលជាតិ បើកកិច្ចប្រជុំផ្សព្វផ្សាយវិធានការ និងតាមដានសកម្មភាពមុខសញ្ញាព្រហ្មទណ្ឌ នៅទូទាំងប្រទេស

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយវិធានការ និងតាមដានសកម្មភាពមុខសញ្ញាព្រហ្មទណ្ឌ នៅទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហង្ស សុផាន់ណារ៉ា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា ប្រធាននាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ដ្រ, លោកឧត្តមសេនីយ៍ទោ ម៉ៅ ពៅ អនុប្រធានសេនាធិការ និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ នាយ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌ និងនាយផ្នែកទូទាំងប្រទេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងតាមសំណូមពរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានរៀបចំចងក្រងនូវឯកសារបទដ្ឋានជំនាញ និងធ្វើការប្រកាសផ្សព្វផ្សាយដាក់ចេញនូវ វិធានការគ្រប់គ្រងតាមដានសកម្មភាពមុខសញ្ញាព្រហ្មទណ្ឌ នៅតាមបណ្តាមូលដ្ឋាន រាជធានី-ខេត្ត សម្ដៅបម្រើឲ្យកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ កាត់បន្ថយ និងបង្ក្រាបបទល្មើសឲ្យទទួលបានប្រសិទ្ធិភាពខ្ពស់ និងទាន់ពេលវេលា។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានដាក់ចេញនូវទិសដៅចំនួន២ ដើម្បីមានជាមូលដ្ឋានក្នុងការស្រាវជ្រាវច្បាមជាប់នូវសកម្មភាពរបស់មុខសញ្ញាទាំងនោះ រួមមាន ទី១៖ បង្ការទប់ស្កាត់មិនឲ្យមុខសញ្ញាទាំងនោះ មកធ្វើសកម្មភាពល្មើសជាថ្មីវិញបាន និងទី២៖ បើមុខសញ្ញាទាំងនោះមកប្រព្រឹត្តល្មើស គឺយើងអាចក្តាប់បាន និងធ្វើការបង្ក្រាបចាប់ខ្លួនបញ្ជូនទៅស្ថាប័នតុលាការឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ព្រមទាំងកាត់បន្ថយសកម្មភាពខ្សែរយៈបក្ខពួក និងការអូសទាញបណ្តាមុខសញ្ញាថ្មីៗ ឲ្យមកប្រព្រឹត្តបទល្មើសបានជាបន្តទៀត។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ក៏បានស្នើសមាជិក សមាជិកា ដែលជាមន្ត្រីថ្នាក់ដឹកនាំដ៏សកម្ម ស្ថិតនៅជួរមុខតាមបណ្តាមូលដ្ឋាន រាជធានី-ខេត្តនីមួយៗ និងនាយកដ្ឋានលើការបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌពិនិត្យ និងជួយផ្តល់មតិយោបល់ល្អៗ ជាវិធានការគន្លឹះក្នុងការគ្រប់គ្រង និងតាមដានសកម្មភាពមុខសញ្ញាខាងលើ សម្តៅឈានទៅធ្វើការបង្ក្រាបឲ្យបានជាស្ថាពរនូវធាតុចូលដ៏សំខាន់ៗ។

ឯកឧត្តមអគ្គស្នង្ការនគរបាលជាតិ សង្ឃឹមថា កិច្ចប្រជុំរយៈពេលមួយថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ ព្រមទាំងបទពិសោធន៍មួយសម្រាប់ថ្នាក់ដឹកនាំនគរបាលព្រហ្មទណ្ឌ នៅពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ប្រមូលផ្តុំអនុវត្តឲ្យទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com