MCL 19: ជំនួបកំពូលស្អែក បឹងកេត ទទួលអ្នកនាំមុខព្រះខ័នរាជស្វាយរៀង

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិកម្ពុជា រឺលីហ្គកំពូលកម្ពុជា រឺមិត្តហ្វូន
ខាំបូឌាលីហ្គ (MCL) ថ្ងៃសៅរ៍ស្អែកនេះ ឈានចូលសប្តាហ៍ទី២១ ក្នុងនោះជំនួបកំពូល និងទាក់ទាញ ចំណាប់អារម្មណ៍អ្នកគាំទ្របាល់ទាត់ជាតិ គឺ បឹងកេត ទទួលព្រះខ័នរាជស្វាយរៀង នៅទឹកដីរបស់ខ្លួន Cambodia Airway (បឹងស្នោរ និរោធ ច្បារអំពៅ រាជធានីភ្នំពេញ)។

ក្លិបទាំងពីរនឹងជួបគ្នា នៅម៉ោង ៣និង៣០នាទីរសៀល ហើយក៏មានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV News ផងដែរ។ អ្នកគាំទ្រព្រះខ័នរាជស្វាយរៀង ត្រូវគេរំពឹងថានឹងមកកាន់បឹងស្នោរច្រើននៅរសៀល ស្អែកនេះ។

មុនជួបគ្នានេះ សប្តាហ៍ទី២០ បឹងកេត បានត្រឹមតែស្មើ វិសាខា ១ទល់នឹង១ ក្នុងដី ខណៈព្រះខ័នរាជ ស្វាយរៀង បំបាក់ខេត្តកំពង់ចាម ៥ទល់នឹង០។

ពេលនេះព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាងជើងឯកមាន៥២ពិន្ទុ ក្រោយ២០ប្រកួត មិនដែលចាញ់ ពោលឈ្នះ១៦ និងស្មើ៤ប្រកួត។ ចំនែកបឹងកេត ឈរនៅលេខ៤ មាន៤១ពិន្ទុ (ឈ្នះ១២ ស្មើ៥ ចាញ់៣) ដេញតាមព្រះខ័នរាជ ១១ពិន្ទុ និងចាញ់ក្រុមលេខ២ណាហ្គា និងក្រុមលេខ៣វិសាខា តែ១ពិន្ទុ ប៉ុណ្ណោះ។

ការប្រកួតស្អែកនៃក្លិបទាំងពីរក៏ត្រូវគេមើលឃើញថាមិត្តចាស់ទាំងពីរដែលធ្លាប់ល្បីតាំងពីក្មេងដូចគ្នា ក្នុងក្រុមជម្រើសជាតិ(ស្ទើគ្រប់កម្រិត) ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកាជួបគ្នាដែរ ខណៈជើងទី១ ចាន់ វឌ្ឍនាកា មិនបានលេងនោះទេ។

ជើងទី១ នៅទឹកដីស្វាយរៀង ក្លិបទាំងពីរស្មើគ្នា ២ទល់នឹង២។ ប្រាំប្រកួតចុងក្រោយក្នុងការប្រកួតលីហ្គ កំពូល និងហ៊ុន សែនខាប់ក្រុមទាំងពីរមិនដែលចាញ់ដូចគ្នា។

ថ្ងៃជាមួយគ្នានេះដែរ យុវជនសាលាបាល់ទាត់ជាតិបាទី ទទួលវិសាខា ម៉ោង៣និង៣០នាទីរសៀល នៅបាទី។ ភ្នំពេញក្រោន ទទួលសូលទីឡូងអង្គរនៅ RSN ម៉ោង៦និង០០នាទី និងក្រសួងការពារជាតិ ទទួលគីរីវង់សុខសែនជ័យ នៅស្តាតចាស់ម៉ោង ៦និង០០នាទី៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com