ប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ស្ម័គ្រចិត្តយកអាវុធកែច្នៃ២៤ដើម ប្រគល់ជូនសមត្ថកិច្ច ដើម្បីរួមចំណែកគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

(សៀមរាប)៖ ប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នោះ បានស្ម័គ្រចិត្តយកអាវុធកែច្នៃចំនួន២៤ដើម ប្រគល់ជូនកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងមន្ត្រីបរិស្ថាន ដើមី្បចូលរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាព នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប គោរពផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា អាវុធកែច្នៃទាំង២៤ដើមនេះ គឺមានកាំភ្លើងព្រៃ១៩ដើម​​​ និងកាំភ្លើងខ្យល់ចំនួន៥ដើម ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ​​​យបានស្ម័គ្រចិត្តប្រគល់អាវុធទាំងនេះ ដល់កម្លាំងសមត្ថកិច្ចរក្សាទុក និងរងចាំស្នើសុំការសម្រេចពីថ្នាក់ដឹកនាំ ដើមី្បដុតបំផ្លាញចោល នាពេលខាងមុខ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការសម្រេចប្រគល់អាវុធកែច្នៃ ដែលពួកគាត់តែងតែប្រើប្រាស់សម្រាប់បរបាញ់សត្វនេះ គឺធ្វើឡើងក្រោយពីពួកគាត់បានស្តាប់នូវការផ្សព្វផ្សាយរបស់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្តីពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមបណ្តាភូមិ ឃុំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយមានការរួមសហការជាមួយអាជ្ញាធរភូមិ មេឃុំ និងមន្ត្រីបរិស្ថាន។

លោកអធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កន្លងមកនៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប តែងតែកើតមាននូវអំពើហិង្សា រវាងប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន ព្រមទាំងបានប្រើប្រាស់អាវុធកែច្នៃនេះ ដើម្បីបាញ់ប្រហារគ្នា ក្រៅពីយកទៅប្រើប្រាស់បរបាញ់សត្វក្នុងព្រៃ បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ។

នៅក្នុងឱកាសទទួលអាវុធកែច្នៃនេះ លោកមេប៉ុស្ដិ៍ខ្នងភ្នំ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ឈប់ផលិតកាំភ្លើងកែច្នៃទៀត ពីព្រោះវាខុសច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com