ការដ្ឋានសំណង់ខ្នាតធំរបស់ចិន ឈ្មោះ DNC នៅក្នុងខណ្ឌទួលគោក បើកដំណើរការសាងសង់ទាំងមិនទាន់មានច្បាប់សាងសង់

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្បែរការដ្ឋានសាងសង់សំណង់អគារ ឈ្មោះ DISCOWER NEW CITY (DNC) របស់ចិនដ៏ធំមួយ ស្ថិតនៅទីតាំងអតីតមជ្ឍមណ្ឌលទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ កំពុងជួបបញ្ហាសំឡេងរំខានយ៉ាងខ្លាំងនៅពេលយប់​ដោយសារការដឹកដីចេញពីការដ្ឋាន និងការបុកគ្រឹះរបស់គម្រោងសាងសង់នេះ។

ប្រជាពលរដ្ឋទាំងនេះ បានរំឭកថា កន្លងមកពួកគាត់បានប្តឹងសុំអន្តរាគមន៍ពីចៅសង្កាត់ និងអភិបាលខណ្ឌ ចំនួនបីដងរួចមកហើយ ដើម្បីទប់ស្កាត់បញ្ហារំខាននៅពេលយប់ ដែលធ្វើឲ្យពលរដ្ឋពិបាកទទួលទានដំណេក ដោយសារការរំខាន់នេះ ប៉ុន្តែលទ្ធផល អាជ្ញាធរនៅតែមិនអាចដោះស្រាយបាន ដោយមន្ត្រីខណ្ឌគ្រាន់តែចុះទៅណែនាំឲ្យក្រុមហ៊ុនបន្ថយម៉ោងបុកគ្រឹះ និងដឹកដីចេញតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ក្រោយការណែនាំរបស់អាជ្ញាធរ ដែលកំណត់ឲ្យក្រុមហ៊ុនចិន អាចដឹកដីពីម៉ោង៧ល្ងាច ដល់ម៉ោង១១យប់ ហើយត្រូវរត់លើផ្លូវ ដែលលបានកំណត់ដោយខណ្ឌ ប៉ុន្តែនៅពេលមន្ត្រីទាំងនោះចេញពីការដ្ឋានភ្លាម ក្រុមហ៊ុននេះ នៅតែបំពានទៀត ដោយបង្កសំឡេងរំខាន រហូតដល់ម៉ោង៣ ឬម៉ោង៤យប់ដដែលជាដដែល។

ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានចោទថា ក្រុមហ៊ុនចិនមួយនេះ ហាក់មិនបានគោរពច្បាប់ទម្លាប់ និងលក្ខខណ្ឌបច្ចេកទេសនៃការសាងសង់ឲ្យបានត្រឹមត្រូវទេ ដោយចង់ដឹងពីលក្ខខណ្ឌសាងសង់ ហើយនៅពេលទៅដល់ គឺគ្មានអ្វីទាំងអស់ក្រៅពីព័ទ្ធរបងស័ង្កសី និងបិទផ្លាកឈ្មោះក្រុមហ៊ុនធំៗ នៅជំវិញការដ្ឋាននេះ។

នៅពេលសាកសួរលើបញ្ហានេះ ទើបដឹងថា ការដ្ឋាននេះមិនទាន់មានច្បាប់អនុញ្ញាតឲ្យដឹកជញ្ជូនអាចម៍ដី ឬអនុញ្ញាតឲ្យមានសកម្មភាពសាងសង់ណាមួយពីសាលារាជធានីភ្នំពេញទេ។

ពាក់ព័ន្ធករណីនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា លោកមិនទាន់បានទទួលពាក្យបណ្តឹងណាមួយពីប្រជាពលរដ្ឋនៅក្នុងតំបន់នេះនៅឡើយទេ ហើយលោកក៏មិនដឹងថា តើក្រុមហ៊ុននេះ អាចសាងសង់បានតាមរបៀបណាដែរ ព្រោះបើគ្មានច្បាប់អនុញ្ញាតឲ្យសាងសង់ចេញពីក្រសួងរៀនចំដែនដី នគរូបនីយកម្ម និងសំណង់ទេ។

លោកបានបន្តថា ចំណែកសាលារាជធានីភ្នំពេញ ក៏មិនអាចអនុញ្ញាតឲ្យមានសកម្មភាពសាងសង់ណាមួយ កើតឡើងដែរ។ ចំពោះឈ្មោះក្រុមហ៊ុន និងសកម្មភាពសាងសង់របស់ក្រុមហ៊ុននេះ សាលារាជធានីភ្នំពេញមិនទាន់ទទួលបានបែបបទស្នើសុំដឹកជញ្ជូនអាចម៍ចេញពីការដ្ឋាននៅឡើយទេ។

យោងតាមប្រការ៥ នៃប្រកាសស្តីបីការអភិវឌ្ឍដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការអភិវឌ្ឍដីត្រូវមានលិខិតអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរៀបចំដែនដី និងនគរូបនីយកម្ម និងជាគ្រឹះនៃភាពស្របច្បាប់ នៅក្នុងការអនុវត្តគម្រោងអភិវឌ្ឍដី។ ការអភិវឌ្ឍដីក្នុងគោលបំណងពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម ត្រូវមានលិខិតអនុញ្ញាតអភិវឌ្ឍដី បើទោះជាគម្រោងនោះ ស្ថិតនៅក្នុងតំបន់ជនបទដាច់ស្រយាល ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក តំបន់រមណីយដ្ឋានទេសចរណ៍ ឬតំបន់បេតិកភណ្ឌក៏ដោយ។

ចំណែកប្រភពច្បាស់ការណណ៍ បានឲ្យដឹងថា​​​ តាមការពិតគម្រោងសាងសង់អគារ ឈ្មោះ DISCOWER NEW CITY នៅទីតាំងអតីតមជ្ឍមណ្ឌលទួលគោក និងត្រូវអភិវឌ្ឍជា DNC Mall លើផ្ទៃដីជាង១២០០០ម៉ែត្រក្រឡា ដោយជាន់ក្រោមដី មានកម្ពស់៣.៨ម៉ែត្រ ចំណែកជាន់លើដីមានកម្ពស់ជិត២០ម៉ែត្រ។ គម្រោងសាងសង់នេះ ទទួលសាងសង់ដោយក្រុមហ៊ុនចិន ឈ្មោះ XIN SHENG CAN YIN CO.,LTD ដោយមានជនជាតិចិន ភេទស្រី ឈ្មោះ LIAO JUNNA ជាម្ចាស់ ហើយបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ រួចបានចុះអាជ្ញាប័ណ្ណពន្ធប៉ាតង់ជាផ្លូវការ នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រភេទអាជីវកម្មផ្តោតចម្បងលើភោជនីយដ្ឋាន តែការអនុវត្តជាក់ស្តែង ក្រុមហ៊ុននេះបានដើរតួជាក្រុមហ៊ុនទទួលម៉ៅការសាងសង់សំណង់អគារធំៗយ៉ាងកម្ម។

តាមឯកសារដែលទទួលបាន គឺចាប់ពីខែកក្កដា កន្លងមកនេះ ក្រុមហ៊ុន XIN SHENG CAN YIN CO.,LTD នេះ បានរត់ការសុំច្បាប់សាងសង់គម្រោងសាងសង់ DISCOWER NEW CITY ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តែមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ក្រុមហ៊ុននេះ ចាប់ផ្តើមបុកគ្រឹះ និងដឹកជញ្ជូនអាចម៍ដីចេញពីការដ្ឋាន បែបផ្លូវកាត់តែម្តង គឺសុំគោលការណ៍សាងសង់ត្រឹមលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក។

ក្នុងគម្រោងសាងសង់ DNC Mall បានបញ្ជាក់ថ្ងៃចាប់ផ្តើមសាងសង់ គឺចាប់ពីខែកក្កដា ឆ្នាំ២០១៩ និងត្រូវបញ្ចប់គម្រោងសាងសង់ទាំងស្រុង នៅខែមករាឆ្នាំ២០២០។

យោងតាមប្រការ១៣ នៃប្រកាសស្តីពីការអភិវឌ្ឍដី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍដី ដែលមានទំហំផ្ទៃដីតូចជាង៥០០០ម៉ែត្រក្រឡា ត្រូវស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដីពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ដែលទីតាំងគម្រោងនោះត្រូវមានប្លង់គោលប្រើប្រាស់ដី ដែលបានអនុម័តដាក់ឲ្យប្រើប្រាស់ជាផ្លូវការរួច ប៉ុន្តែបើទំហំផ្ទៃដីធំជាងនេះ ត្រូវសុំលិខិតអនុញ្ញាតពីសាលារាជធានី ខេត្ត ឬការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពាក់ព័ន្ធករណីចាប់ផ្តើមសាងសង់ដោយមិនទាន់មានលិខិតអនុញ្ញាតត្រឹមត្រូវនេះ ប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនចិនឈ្មោះ XIN SHENG CAN YIN CO.,LTD ទទួលម៉ៅការសាងសង់អគារ DNC Mall អាចសាងសង់សំណង់ដោយគ្មានច្បាប់បែបនេះបាន ដោយសារតែម្ចាស់ក្រុមហ៊ុនមានខ្នងបង្អែកធំ និងបានចំណាយប្រាក់ជាង១ម៉ឺនដុល្លារ និងរថយន្តកូរ៉េមួយគ្រឿង ក្រោមរូបភាពឧបត្ថម្ភឲ្យទៅអាជ្ញាធរខណ្ឌទួលគោក ដើម្បីឲ្យជួយសម្រួលកិច្ចការងាររបស់ពួកគេ នៅគ្រាដែលក្រុមហ៊ុនរត់ច្បាប់សាងសង់មិនទាន់បានជាផ្លូវការ។

ជុំវិញករណីនេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់អ្នកសារព័ត៌មានថា «ក្រុមហ៊ុនគ្រាន់តែ ជីកដីពិសោធបណ្តើរៗប៉ុណ្ណោះ ចំណែកច្បាប់សាងសង់ អាចសប្តាហ៍ក្រោយគេរត់បានហើយ។ រឿងរថយន្តកូរ៉េ តម្លៃ ប្រហែល៧០០០ដុល្លារ គឺក្រុមហ៊ុនឧបត្ថម្ភដោយស្ម័គ្រចិត្តដល់ខណ្ឌ ដើម្បីដឹកប្រជាការពារខណ្ឌ និងដឹកទឹកស្រោចដើមឈើ»។

លោក ឯក ឃុនដឿន បានបដិសេធថា ចំណែក រឿងលុយជាង១ម៉ឺនដុល្លារ ដែលគេអះអាងថា ប្រគល់ឲ្យខណ្ឌនោះ មិនពិតទេ ដោយអាជ្ញាធរខណ្ឌ បានត្រឹមជួយសម្របសម្រួលការងារដល់អ្នកវិនិយោគប៉ុណ្ណោះ។

រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ការដ្ឋានសាងសង់នេះ នៅតែបន្តដឹកអាចម៍ដីចេញយ៉ាងរលូន ស្ទើរតែសម្រេចបានទាំងស្រុងទៅហើយ ដែលសកម្មភាពនេះទំនងជាមិនមែនជាសកម្មភាពជីកអាចម៍ដីធ្វើពិសោធន៍ ដូចការអះអាងរបស់អភិបាលខណ្ឌទួលគោកឡើយ។

គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្នមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ បានចេញលិខិតណែនាំដល់អភិបាលរាជធានី-ខេត្ត ឲ្យពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសំណង់ បន្ទាប់ពីបានពិនិត្យឃើញថា សំណង់មួយចំនួននៅតាមរាជធានី-ខេត្ត កំពុងដំណើរការសាងសង់ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។

សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា ការដ្ឋានសំណង់មួយចំនួន បាននឹងកំពុងដំណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយសំណង់ ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត និងពុំមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសសំណង់ឲ្យបានត្រឹមត្រូវ ដែលករណីទាំងនេះអាចបណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតបង្កឲ្យមានគ្រោះមហន្តរាយ និងហានិភ័យផ្សេងៗ។

ចំណែកសេចក្តីណែនាំរបស់អន្តរក្រសួងវិញ ក៏បានចេញព្រមៗគ្នា អាជ្ញាធរមូលដ្ឋានចាត់វិធានការជាបន្ទាន់ បន្ទាប់ពីមានករណីរលំបាក់សំណង់អគារខុសច្បាប់កម្ពស់៧ជាន់ របស់ក្រុមហ៊ុនចិន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់អស់២៨នាក់ និងរបួស២៦នាក់៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com