អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ ​៥ប្រភេទ​ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំ​តំបន់​អង្គរ​

(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នំា២០១៩ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ទទួលបានវត្ថុបុរាណចំនួន៥ប្រភេទពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំ​តំប​ន់​​អង្គរ យកមករក្សាទុកបណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេក​ទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ។

វត្ថុបុរាណទាំង៥ប្រភេទដែលទទួលបានរួមមាន៖ ១)បំណែកដងខ្លួនព្រះពុទ្ធរូប ធ្វើពីថ្មភក់ មានកម្ពស់ ៦២ សង់ទីម៉ែត្រ ទទឹង ៣៨ សង់ទីម៉ែត្រ និងកម្រាស់ ១៨ ២)បំណែកកញ្ចាំង ធ្វើពីថ្មភក់ មានកម្ពស់​៤៣ ​សង់ទីម៉ែត្រ ទទឹង៣៤ សង់ទីម៉ែត្រ និងកម្រាស់ ៣០ សង់ទីម៉ែត្រ ៣)បំណែកភ្នែនទេវរូបធ្វើពីថ្ម​ភក់ មានកម្ពស់១១សង់ទីម៉ែត្រ ទទឹង១១សង់ទីម៉ែត្រ និងកម្រាស់៩ សង់ទីម៉ែត្រ ៤)កុលាលភាជន៍(ថូ) ធ្វើពីដីដុត កម្ពស់២៥ សង់ទីម៉ែត្រ និងទទឹង២០ សង់ទីម៉ែត្រ ៥)កុលាលភាជន៍(ខួច) ធ្វើពីដីដុត កម្ពស់​៧,៥ សង់ទីម៉ែត្រ និងទទឹង៨ សង់ទីម៉ែត្រ។

សូមបញ្ចាក់ថា វត្ថុបុរាណទាំង៥ប្រភេទ ត្រូវបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរទទួលបានតាមរយៈប្រជាជនដែលប្រទះឃើញដោយចៃដន្យក្នុងតំបន់ខ្លួនរស់នៅ ហើយរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន ដែលមានសមត្ថកិច្ចដើម្បីយកមករក្សាទុក។ បន្ទាប់ពីទទួលបានអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានប្រគល់ឱ្យអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងថែរក្សា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com