តើអ្នកណាទៅ ដែលហ៊ានទន្ទ្រានយកដីរដ្ឋ រហូតដល់រាប់ពាន់ហិកតាដោយខុសច្បាប់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ?

(កំពង់ស្ពឺ)៖ បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Swift News ប្រចាំខេត្តកំពង់ស្ពឺបានឲ្យដឹងថា អាជ្ញាធរខេត្តកំពង់ស្ពឺ និងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន កំពុងបើកិច្ចប្រជុំបន្ទាប់មួយ ដើម្បីចាត់វិធានការផ្លូវច្បាប់ ចុះទៅបង្ក្រាបក្រុុមជនល្មើស ដែលកំពុងនាំគ្នាដាក់គ្រឿងចក្រ ឈូសឆាយបំផ្លាញធនធានធម្មជាតិ និងរំលោភយកដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ធ្វើជាកម្មសិទ្ធិ។

ទីតាំងដីរដ្ឋដែលត្រូវបានគេរំលោភយក មានទំហំ ជាង ១០០០ហិកតា គឺជាដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើយោងតាម គណនី Facebook របស់ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបង្ហោះសារថា នៅព្រឹកព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងនាម តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម បានបន្តដឹកនាំការសាកសួរ អ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានធនធានធម្មជាតិ និងដីរដ្ឋ នៅគោលដៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

អ្វីដែលគួរកត់សម្គាល់ក្នុងសារលើបណ្តាញសង្គម Facebook របស់ ឯកឧត្តម សរ សុពុត្រា គឺពាក្យថា «ឈប់បានឈប់ទៅ ល្មមស្កប់ស្កល់ហើយ»។

ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ក៏បានបង្ហោះសារ នៅលើគណនី Facebook កាលថ្ងៃពុធទី២១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញផងដែរថា ឯកឧត្តម ក្នុងនាមជាតំណាង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលកំពង់ស្ពឺ និងស្រុកឱរ៉ាល់ ចុះត្រួតពិនិត្យ និងទប់ស្កាត់ការទន្ទ្រានធនធានធម្មជាតិ និងដីរដ្ឋ នៅគោលដៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពពីមន្ត្រីខេត្តកំពង់ស្ពឺ បានឲ្យ Swift News ដឹងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ថា អាចមានមន្ត្រីសាលាស្រុកឱរ៉ាល់ ឈ្មោះ ចិត្រ និងមន្ត្រីការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឈ្មោះ ខុន ជាប់ពាក់ព័ន្ធក្នុងករណីដាក់គ្រឿងចក្រឈូសឆាយបំផ្លាញធនធានធម្មជាតិ និងរំលោភយកដីរដ្ឋ រាប់ពាន់ហិកតា ដោយខុសច្បាប់នៅក្នុងទីតាំងខាងលើនេះ។

ជុំវិញករណីនេះ Swift News ព្យាយាមសុំការបញ្ជាក់ពីលោក មួង ធី អភិបាលស្រុកឱរ៉ាល់ ផងដែរ ប៉ុន្តែលេខទូរស័ព្ទដៃរបស់លោកហៅចូលហើយគ្មានអ្នកទទួល៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com