លោក ហោ ណាំហុង ថា នាយករដ្ឋមន្ត្រីជប៉ុន សូមអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសជប៉ុន
(ភ្នំពេញ) ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់ទៅលោក NASHIDA Kazuya ថាបរិយាកាសសេដ្ឋកិច្ចរបស់កម្ពុជាលើគ្រប់វិស័យសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីជំនួយរបស់ជប៉ុនបានទេ ការថ្លែងនេះត្រូវបានធ្វើឡើងក្នុងជុំជួបពិភាក្សាការងារជាមួយលោក NASHIDA Kazuya អគ្គនាយកនៃក្រសួងការបរទេសជប៉ុន។
អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះបានបន្តថា លោក NASHIDA Kazuya បានប្រាប់ថា លោកនាយករដ្ឋមន្ត្រីជប៉ុន សូមអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនៈកិច្ចផ្លូវការ នៅប្រទេសជប៉ុន ព្រោះរដ្ឋាភិបាលជប៉ុន មានផែនការសាងសង់អគ្គកុងស៊ុល នៅខេត្តសៀមរាប ដើម្បីឲ្យអ្នកទេសចរណ៍ជប៉ុនមកកម្ពុជា កាន់តែច្រើន តាមជើងហោះហើរត្រង់របស់ក្រុមហ៊ុនជប៉ុន (ANA) ពីទីក្រុងតូក្យូ មកទីក្រុងភ្នំពេញ។
លោករដ្ឋមន្រ្តីប្រចាំបានបន្តថា ចំពោះទំនាក់ទំនងទ្វេភាគី លោក ហោ ណាំហុង ក៏បានថ្លែងអរគុណរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក និងរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្សរបស់កម្ពុជា។ វិនិយោគជប៉ុនមកកម្ពុជា ក៏កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាងនេះលោក ហោ ណាំហុង អរគុណជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលជប៉ុន បានផ្តល់ជំនួយ ៧៥០ ពាន់លានយេនសម្រាប់ឆ្នាំ ២០១៦ ដល់ ២០១៨៕

