តើ ឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ថៅកែក្រុមហ៊ុន 7NG ដែលឆបោកលុយពលរដ្ឋក្នុងគម្រោងដីឡូតិខ្យល់ អាចគេចផុតពីពន្ធនាគារដែរឬទេ?

(ភ្នំពេញ)៖ ទីបំផុតទៅ ឧកញ៉ា ២នាក់ ឪពុក និងកូន ដែលគេស្គាល់ថា ជាថៅកែក្រុមហ៊ុន 7NG ចូលចិត្តស៊ីដាច់លុយអតិថិជនដែលទិញដីឡូតិនោះ កំពុងប្រឈមនឹងការចាប់ឃុំខ្លួន បន្ទាប់ពីតំណាងអយ្យការ ២រូបនៃសាលាដំបូងរាជធានីភ្នំពេញ រកឃើញថាពួកគេជាប់ពាក់ព័ន្ធ សំណុំរឿង ឆបោកប្រាក់ ក្នុងអំពើទិញលក់ដីខ្យល់។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើ ឧកញ៉ា ស្រី សុធា ភេទប្រុស អាយុ៦១ឆ្នាំ តួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨-២០១៩ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីចោទប្រកាន់លើ ឧកញ៉ា ឪពុក និងកូនទាំង ២នាក់រួច លោក កែវ សុធា បានបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត ដោយស្នើសុំឲ្យចៅក្រមចាប់ និហឃុំខ្លួនក្រុមជនត្រូវចោទជាបណ្តោះអាសន្ន។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចចោទប្រកាន់ ឧកញ៉ា ស្រី សុធា នាយកក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ អ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ពីបទ ឆបោក ពាក់ព័ន្ធការលក់ដីឡូតិខ្យល់ ចំនួន ៧ឡូតិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៩ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

មិនខុសពីលោក កែវ សុធា ឡើយ ពោលគឺលោក ប្លង់ សុផល ក៏បានស្នើសុំឲ្យចៅក្រមស៊ើបសួរចាប់ និងឃុំខ្លួន ឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ យកទៅដាក់គុកដូចគ្នា។

មហាជនកំពុងរងចាំមើលថា តើ វាសនា ឧកញ៉ា ឪពុក និងកូន ថៅកែក្រុមហ៊ុន 7NG ដែលរកស៊ីបោកប្រាស់ពលរដ្ឋបែបនេះ អាចជាប់ពន្ធនាគារ ដូដែរឬទេ?

សូមជម្រាបជូនថា កាលពីអំឡុងដើមឆ្នាំ២០១៩នេះ មានករណីផ្ទុះការតវ៉ា និងទាមទារដី ពីក្រុមហ៊ុន 7NG ពីសំណាក់អតិថិជនជាច្រើននាក់ នៅក្នុងការិយាល័យលក់ដីឡូតិរបស់ក្រុមហ៊ុននេះ ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បន្ទាប់មក ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងកូនប្រុសគឺ ឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន 7NG បានចេញមុខដោះស្រាយ និងសន្យាថា នឹងប្រគល់ដីជូនអតិថិជនតាមកិច្ចសន្យា ឲ្យបានមុនបំណាច់ឆ្នាំ២០១៩នេះ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com