អ៊ីស្រាអែលវាយប្រហារតាមអាកាសលើប៉ុស្តិ៍ត្រួតពិនិត្យក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា​ជាការសងសឹក

​(បរទេស)៖ យន្តហោះចម្បាំងរបស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍បានវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យក្រុមហាម៉ាសទាំងកណ្តាលអធ្រាត្រនាថ្ងៃព្រហស្បតិ៍នេះនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដើម្បីជាឆ្លើយតបទៅនឹងការវាយប្រហារដោយរ៉ុក្កែតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

​យន្តហោះអ៊ីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើប៉ុស្តិ៍យោធាដែលជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅភាគនិរតីនៃទីក្រុងហ្កាហ្សា។

មិនមានរបាយការណ៍អំពីការរងរបួសទេប៉ុន្តែប៉ុស្តិ៍ត្រួតពិនិត្យនោះរងការខូចខាតយ៉ាងដំណំ​។

គួរបញ្ជាក់ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រាប់រ៉ុក្កែតមួយដើមត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សានិងបានធ្លាក់ចំទីវាលមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលដោយមិនបណ្តាលឲ្យមនុស្សរងរបួសឬខូចខាតអ្វីឡើយ។

គ្មាននរណាម្នាក់ឬក្រុមណាមួយបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលជាលើកទី៣នៅសប្តាហ៍នេះទេ៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com