សម្ដេចតេជោ ស្នើឲ្យក្រុមហ៊ុនជប៉ុនមក​អភិវឌ្ឍលើប្រព័ន្ធដឹកជញ្ជូន​ ក្នុងទីក្រុងភ្នំពេញ​ឲ្យបាន​ឆាប់​

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Norikazu Suzuki អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន ក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូជប៉ុន មកបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីបន្តការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងជប៉ុន។

ក្នុងជំនួបនោះ ឯកឧត្តម Norikazu Suzuki បានលើកឡើងនូវការងារមួយចំនួនជាពិសេសទាក់ទងទៅនឹងគម្រោងជប៉ុនបានជួយដល់ប្រទេសកម្ពុជាកន្លងមក ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥
គម្រោងអភិវឌ្ឍន៍ចក្រក្នុងរាជធានីភ្នំពេញ រួមទាំងគម្រោងនៃការជួសជុលប្រាសាទផងដែរ ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានដូចជាស្ពាន ផ្លូវនេះជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចាប់តាំងពីដំណើរការនៃការស្វែងរកសន្តិភាពរបស់កម្ពុជា កន្លងមកនេះប្រទេសជប៉ុនជាប្រទេសដែលបានផ្ដល់ជំនួយច្រើនមកដល់ប្រទេសកម្ពុជា ហើយ​ថា ភាពរីកចម្រើនរបស់កម្ពុជាក៏មានការចូលរួមពីប្រទេសជប៉ុនយ៉ាងច្រើនផងដែរទៅលើវិស័យផ្សេង​ៗ​។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីពាក់ព័ន្ធទៅនឹងជំនួយរបស់ប្រទេសជប៉ុន គឺមិនត្រឹមតែការកសាងអភិវឌ្ឍផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ នោះទេ ថែមទាំងបានចូលរួមការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត សម្ដេចតេជោ បានមានប្រសាសន៍អំពីវិស័យធនធានមនុស្សជាពិសេសការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ក្រៅពីជំនួយកម្ចីសម្បទាននោះ ជប៉ុនក៏បង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះចំនួនភ្ញៀវទេសចរជប៉ុនក៏មានចំនួនគួរឲ្យចាប់អារម្មណ៍ និងកើនឡើងជាលំដាប់ផងដែរ។

ពាក់ព័ន្ធទៅនឹងប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ កន្លងទៅនេះជប៉ុនបានធ្វើការសិក្សាក្នុងការរកដំណោះស្រាយ ពីការដឹកជញ្ជូន ដែលទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺកើតមានការកកស្ទះចរាចរណ៍ ដូច្នេះសម្ដេចតេជោក៏បានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះអោយឆាប់ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកាន់តែមានភាពងាយភាពល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com