មិនមែន​តែ​បេក្ខជន​ប្រឡង​បាក់​ឌុប​ទេ សូម្បីតែ​គ្រូ​អ្នក​កែ ក៏ត្រូវ​ហាមឃាត់ មិន​ឲ្យ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ និង​ឧបករណ៍​បច្ចេកវិទ្យា​មួយចំនួន ក្នុងពេល​បំពេញភារកិច្ច​!

(​ភ្នំពេញ​)៖ ដំណើរការ​កំណែ លើ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ បានស្នើ​សុំឱ្យ​ប្រធាន​មណ្ឌល​កំណែ​គ្រប់​មុខវិជ្ជា អនុវត្តតាម​គោលការណ៍ និង​សេចក្តីណែនាំ​ដល់​គណៈកម្មការ​កំណែ ព្រមទាំង​ធ្វើការ​ហាមឃាត់ ចំពោះ​ការប្រើប្រាស់​ទូរ​សព្ទ​ដៃ និង​ឧបករណ៍​បច្ចេកវិទ្យា​មួយចំនួន ក្នុងពេល​បំពេញភារកិច្ច​។​

​បទបញ្ជា​ផ្ទាល់មាត់​នេះ ត្រូវបាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​វាយតម្លៃ​ដំណើរការ​សំណេរ និង​បែងចែក​ភារកិច្ច​ដំណើរការ​កំណែ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ២០១៩​។ កិច្ចប្រជុំ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោម​អធិបតីភាព​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រ​សួ​អប់រំ យុវជន និង​កីឡា បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ដែលមាន​ការចូលរួម​ពី​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំងប្រទេស ប្រចាំ​មណ្ឌល​រាជធានី ខេត្ត​ទាំង ២៥​។

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងអំណរគុណ​ដល់​ការចូលរួម​ពី​សំណាក់​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន អាជ្ញាធរ​ដែនដី អង្គភាព​ប្រឆាំង​អំពើពុករលួយ យុវជន​ស្ម័គ្រចិត្ត កងកម្លាំង​សមត្ថកិច្ច មន្ត្រី​សុខាភិបាល គរុ​សិស្ស​តាម​សាលា​គរុកោសល្យ​រាជធានី​ខេត្ត និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ ព្រមទាំង​ស្នើ​បន្ត​ការចូលរួម​សហការ​ជាប​ន្ត​ទៀត ហើយ​កង្វះខាត​មួយចំនួន ក្រសួង​នឹង​ស្វែងរក​ដំណោះស្រាយ ដើម្បី​ធ្វើឱ្យ​ដំណើរការ​ឆ្នាំក្រោយ​កាន់តែ​ប្រសើរ​។

​គូសបញ្ជាក់ថា គណ​:​កម្ម​ការ​អប្បមាទ​ទូទាំងប្រទេស នឹង​ប្រគល់​ដុំ​កិច្ចការ​បេក្ខជន ជូន​ប្រធាន អនុប្រធាន​មណ្ឌល​កំណែ និង​គណៈកម្មការ​កណ្ដា​ល នៅ​ថ្ងៃទី​២២​សីហា ស្អែក​នេះ ដើម្បី​ដឹក​ទៅកាន់​មណ្ឌល​កំណែ​ទាំង​១០ និង​ចាប់ផ្ដើម​ការងារ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់​ក្បាល​សន្លឹក​កិច្ចការ និង​ចុះ​អក្សរ​សម្ងាត់​ជា​បន្តទៀត​។​

​រីឯ​ការកែ​លើ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩​។ ដោយឡែក លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប នឹង​ប្រកាស​នៅ​ថ្ងៃទី​១០-១១ ខែកញ្ញា ឆ្នាំ​២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com