យុវជន ជា​គរុ​សិស្ស​ម្នាក់ ស្លាប់ ដោយ​ខ្យល់គ ក្រោយពេល​បំពេញការងារ ជា​អប្បមាទ​ប្រឡង​បាក់​ឌុប នៅ​ក្រុង​ស្វាយរៀង​

(​ខេត្តស្វាយរៀង​)៖ យុវជន​ម្នាក់ ជា​គរុ​សិស្ស បាន​ស្លាប់ ដោយ​ខ្យល់គ ក្រោយពេល​បំពេញការងារ ជា​អប្បមាទ ឬ​គ្រូមេ​ប្រយោគ ក្នុងការ​ប្រឡង​បាក់​ឌុប កាលពី​ថ្ងៃទី​២០ ខែសីហា​។ សាក្សី បាន​បញ្ជាក់ថា បន្ទាប់ពី​ប​បំពេញការងារ​រៀបចំ​ការប្រឡង​បាក់​ឌុប​រួច យុវជន​រូបនោះ បាន​ត្រឡប់​ទៅ​ដេក នៅក្នុង​វត្ត នៅ​ក្រុង​ស្វាយរៀង ហើយក៏​ត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់ នៅ​ព្រឹក​ថ្ងៃទី​២១​សីហា ឆ្នាំ​២០១៩​។​

​សព​យុវជន គរុ​សិស្ស ស្លាប់​នេះ ត្រូវបាន​គេ​ឃើញ​នៅក្នុង​បន្ទប់ លើ​កុដិ ក្នុង​វត្ត​ព្រៃ​ឆ្លាក់ នៅ​ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង​។​

​សមត្ថកិច្ច សង្ស័យថា យុវជន​នេះ ខ្យល់គ​គាំងបេះដូង ទើប​បណ្តាល​ឲ្យ​ស្លាប់ លុះដល់​ម៉ោង​ជិត ៧​ព្រឹក ថ្ងៃទី​២១ សីហា ឆ្នាំ​២០១៩ ទើបបាន​ដឹង និង​មានការ​ភ្ញាក់ផ្អើល ពី​កូនសិស្ស និង​ព្រះសង្ឃ ដែល​សឹង និង​ដេក នៅក្នុង​បន្ទប់​ជាមួយ ក៏​ឆោឡោ ហើយ​ប្តឹង​ព្រះគ្រូ​ចៅអធិការ​វត្ត ឲ្យ​និមន្ត ពិនិត្យមើល​រួច​រាយការណ៍ ជូន​សមត្ថកិច្ច ឲ្យ​មក​ធ្វើ​អន្តរាគមន៍​។​

​ជនរងគ្រោះ ឈ្មោះ គង់ និ​វ​ឌ្ឍ អាយុ ២១​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​តា​ភរ ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ យុវជន​នេះ ជា​គរុ​សិស្ស ថ្នាក់​ទី​១២ បូក ២ A១ ឆ្នាំ​ទី​១ ជំនា​ន់ទី​៣៧ នៃ​សាលា​គរុកោសល្យ​និង​វិ​ក្រិត​ការ ខេត្តស្វាយរៀង​។​

​ជនរងគ្រោះ បាន​ស្ម័គ្រចិត្ត ចូល​បំពេញការងារ ជា​អប្បមាទ ដែលជា​ក្រុម​គ្រូមេ​ប្រយោគ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង ក្នុង​ក្រុង​ស្វាយរៀង​។

​បន្ទាប់ពី​បំពេញការងារ គរុ​សិស្ស គង់ និ​វ​ឌ្ឍ បាន​សម្រាក នៅ​វត្ត​ព្រៃ​ឆ្លាក់ ដែលជា​កន្លែង ជនរងគ្រោះ មកសុំ​ព្រះសង្ឃ ស្នាក់នៅ​ក្នុងពេល​រៀន​គរុកោសល្យ រយៈពេល ១​ឆ្នាំ​មកហើយ​។

​ចំពោះ​មរណភាព​គរុ​សិស្ស​នេះ នៅ​ថ្ងៃទី​២១​សីហា​នេះ ក្រសួង​អប់រំ បានចេញ​សារ​រំលែក​ទុក្ខ ដោយ​សម្តែង ក្តី​រន្ធត់ ក្តុកក្តួល និង​ក្តី​សោកស្តាយ​យ៉ាង​ក្រៃលែង​។

​នៅ​រសៀល​ថ្ងៃទី​២១​សីហា​នេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​អភិបាលរង​ខេត្តស្វាយរៀង លោក តូច ប៉ូ​លី​វ៉ា និង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត បាន​អញ្ជើញ​ទៅ​ចូលរួម​បុណ្យសព​យុវជន​គរុ​សិស្ស ដល់​ស្រុកកំណើត​។​

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ដំណើរការ​សំណេរ​ប្រឡង​បាក់​ឌុប រយៈពេល ២​ថ្ងៃ កាលពី​រសៀល​ថ្ងៃទី​២១​សីហា​នេះ លោក ហង់ ជួនណា​រ៉ុ​ន ក៏បាន​ដឹកនាំ​មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ បានធ្វើការ​ស្មិងស្មាធិ៍ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ យុវជន គង់ និ​វ​ឌ្ឍ ជា​គរុ​សិស្ស​រៀន​ឆ្នាំ​ទី​១ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ ខេត្តស្វាយរៀង ដែល​ទទួលមរណភាព​ដោយ​រោគាពាធ កាលពី​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com