ថ្ងៃទី​២៥​សីហា ចាប់ផ្តើម​កែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​បាក់​ឌុប ខណៈដែល​ហិប​សន្លឹក​កិច្ចការ​ទាំងនោះ ដឹក​មកដល់​ភ្នំពេញ​អស់ហើយ​!

(​ភ្នំពេញ​)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេចយក​ថ្ងៃទី​២៥ ខែសីហា ជា​ថ្ងៃ​ចាប់ផ្តើម​កែ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​។ កំណែ​លើ​វិញ្ញាសា​នេះ ធ្វើឡើង នៅ​រាជធានី​ភ្នំពេញ​។ ដោយឡែក ហិប​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​ទាំងនោះ ត្រូវបាន​ដឹក​មកដល់​ភ្នំពេញ​អស់ហើយ នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា នៅ​ឆ្នាំនេះ នឹង​មិនមាន​បញ្ហា​កំហុស ឬ​អាក់ខាន ក្នុងការ​បូក​ពិន្ទុ​បេក្ខជន ដូច​កាលពី​ឆ្នាំ​២០១៨ ដែល​នាំ​ឲ្យ​មាន​ការតវ៉ា​នោះឡើយ​។​

​នៅ​រសៀល​ថ្ងៃទី​២១ ខែសីហា​នេះ លោក​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​បើក​កិច្ចប្រជុំ​បូកសរុប​ដំណើរការ​សំណេរ​នៃ​ការប្រឡង​បាក់​ឌុ​បប រយៈពេល ២​ថ្ងៃ​កន្លងមកនេះ​។

​សូមជម្រាបថា បេក្ខជន​ប្រឡង ឆ្នាំនេះ មាន​ចំនួន ១១៧០៤៣ នាក់ ប្រឡង​នៅ ២០២ មណ្ឌល មាន ៤៧២៥ បន្ទប់​។ ដំណើរការ​ប្រឡង​រយៈ​ពេល ២​ថ្ងៃនេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ដំណើរ​ការល្អ​។ ក្នុងនោះ មាន​បេក្ខជន​អវត្តមាន ចំនួន ១.៨៣៨ នាក់ ស្មើនឹង ១,៥៧ ភាគរយ នៃ​បេក្ខជន​សរុប ដែល​បាន​ចុះឈ្មោះ​។ បេក្ខជន ២ នាក់ ត្រូវបាន​ក្រសួង សម្រេច​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ដោយសារ​យក​សំណៅ​ឯកសារ និង ទូរស័ព្ទដៃ ចូល​បន្ទប់​ប្រឡង​។ ក្នុងនោះ ក៏មាន​បេក្ខជន​មាន​បញ្ហា​សុខភាព ចំនួន ១៥២​នាក់ ហើយ​មិនអាច​ចូល​ប្រឡង​វិញ​បាន មាន​ចំនួន ១១ នាក់​។​

​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប​នេះ នឹងត្រូវ​ក្រសួង​អប់រំ ប្រកាស​នៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com