កម្ពុជា-កូរ៉េ ​មានទំនាក់ទំនងល្អ​ទាំង​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ​ការវិនិយោគ​ ទាំងប្រជាជន​ និងប្រជាជន​

(ភ្នំពេញ)៖ សម្ដេច​តេជោ​ ហ៊ុន សែន នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ អូ​ ណា​ក់​យ៉ុង​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ​ដែល​ចប់​អាណត្តិ​នៅ​ថ្ងៃទី​២១​ ខែសីហា​នេះ ​បានកត់សម្គាល់ពីការវិនិយោគ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគីមានការរីកចម្រើនមែន ក៏ប៉ុន្តែសម្រាប់ជួយរដ្ឋមន្ត្រីចង់ឃើញនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ធ្វើ​យ៉ាងណា​ពង្រីក​ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន​កាន់តែ​កើនឡើង​ថែមទៀត​ ដោយ​បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ​បន្ត​ការនាំចូល​នូវ​ផលិតផល​កសិ​ផល​​របស់​កម្ពុជា​ ចូល​ទៅកាន់​ទីផ្សារ​កូរ៉េ​ គ្រាដែល​កម្ពុជា​មាន​សក្តា​នុ​ពល​ជាច្រើន​ទៅលើ​ផលិតផល​កសិ​ក​ម្ម​ដូចជា​ស្វាយ​ជាដើម​។ ក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ចង់ឃើញសាធារណរដ្ឋកូរ៉េបង្កើន​​ការ​​វិនិយោគ​មកកាន់ព្រះរាជាណាចក្រកម្ពុជាថែមទៀត។

បើតាមសម្តេចតេជោ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរជាង ៨ពាន់នាក់ ដែលបានរៀបការជាមួយជនជាតិកូរ៉េ ហើយមានប្រមាណ ៤០០នាក់មានភរិយាជាជនជាតិកូរ៉េ ដូច្នេះមានន័យថាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការកើនឡើង។ សម្ដេចចង់ឃើញទំនាក់ទំនងទ្វេភាគីនេះមិនមែនត្រឹមតែការវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម​ ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែចង់ឃើញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនមានការកើនឡើងថែមទៀត។

នៅពេលខាងមុខ សម្ដេចតេជោចង់ឃើញការពង្រីកទំនាក់ទំនងរវាងប្រជាជន​ និងប្រជាជននៃប្រទេ​សទាំងពីរ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើង​ កំណើននៃការវិនិយោគរបស់កូរ៉េ និង​ទេសចរណ៍កូរ៉េផងដែរ។ សម្ដេចក៏បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចគ្រោងនឹងអញ្ជើញបំពេញទស្សន​កិច្ចនៅសាធារណរដ្ឋកូរ៉េនៅពេលខាងមុខ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com