សហព័ន្ធកីឡាហុកគីបញ្ចប់អាណត្តិចាស់និងបន្តអាណត្តិថ្មី ២០១៩-២០២៣

(កម្ពុជា)៖សហព័ន្ធកីឡាហុកគីកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០១៩-២០២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាហុកគីកម្ពុជាមានប្រសាសន៍ថា ពេលនេះសហព័ន្ធហុកគីកម្ពុជា បានបញ្ចប់អាណត្តិចាស់ដែលជាអាណត្តិទី២ និងបន្តអាណត្តិថ្មី(ទី៣) សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្នុងដំណើរឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ការពិត ការអភិវឌ្ឍវិស័យកីឡាជាក្រុម គឺមានការលំបាក និងមានការចំណាយថវិកាច្រើន ប៉ុន្តែយើងនៅមានសកមម្មភាពជាបន្តបន្ទាប់ ដោយសារមានគ្រូបង្វឹកជនជាតិបរទេសនៅជួយបង្វឹកដល់កីឡាករ កីឡាការិនីហុកគី និងការប្រកួតថ្នាក់តំបន់ ក៏នៅតែចូលរួមប្រកួតជាប្រចាំ។

បច្ចុប្បន្ន ក្លឹបកីឡាហុកគីនៅតាមបណ្តាខេត្តនានា នៅរក្សាដដែល ដោយគ្រាន់តែយើងមិនបានរៀបចំការប្រកួតជើងឯក ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានរៀបចំការប្រកួតមិត្តភាពនានា និងធ្លាប់ចេញទៅបង្កើនការហ្វឹកហាត់នៅប្រទេសថៃញឹកញាប់ផងដែរ។

ឯកឧត្តមបានបញ្ជាក់ជូនថា សហព័ន្ធកីឡាហុកគីកំពុងជំរុញលើគុណភាពបច្ចេកទេសតែលើក្រុមជម្រើសជាតិជាចម្បង ជាពិសេសគឺការសម្រួចគោលដៅចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នាខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ហើយក្រសួងអប់រំបានសម្រេចអនុញ្ញាតឲ្យក្រុមកីឡាការិនីហុកគីចំនួន១២នាក់ គ្រូបង្វឹក២នាក់ និងថ្នាក់ដឹកនាំម្នាក់ ទៅចូលរួមប្រកួត។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធអះអាងដែរថា អាណត្តិមុន អ្វីដែលជាឧបស័គ្គ និងកង្វះខាត គឺការបណ្ដុះបណ្ដាលក្នុង និងក្រៅប្រទេស ទីលាន ធនធានមនុស្ស ថវិកា ព្រមទាំងមធ្យោបាយទាក់ទងនឹងសហព័ន្ធអន្ដរជាតិ ពិសេសមិនមានការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រមូលផ្ដុំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជាមូលហេតុដ៏ចម្បងទើបធ្វើឲ្យកីឡាហុកគីមិនសូវមានសកម្មភាពដូចកីឡាដទៃ។

សូមបញ្ជាក់ថា ចំពោះសមាភាពសមាជិកប្រតិបត្តិសហព័ន្ធកីឡាហុកគី អាណត្តិទី៣នេះ មានចំនួន
១០រូប រួមមាន៖ ឯកឧត្តម វ៉ាត់ ចំរើន ប្រធាន, លោក ញ៉ាន សុខវិសាល អនុប្រធាន, លោក កាំង សុធា អគ្គលេខាធិការ, អ្នកស្រី ឈឿង សុវណ្ណភារម្យ អគ្គហិរញ្ញិក, លោក Asif Rana ប្រធានបច្ចេកទេស និងអមដោយសមាជិក គឺលោក អ៊ុង វុទ្ធី, លោក យ៉ង់ សាំងគី, លោក វ៉ាត់ ពន្លឺ និងលោក សម សឿន៕

ប្រភព៖ PP SEA GAMES 2023

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com