ប្រមុខ​ការទូត​កម្ពុជា​-​វៀតណាម ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ លើក​ទី​១៧ ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស​

(​ភ្នំពេញ​)៖ ដូច​ការគ្រោងទុក រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​វៀតណាម បាន​ធ្វើជា​សហប្រធាន នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ លើក​ទី​១៧ ស្តីពី កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង នៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​។​

​ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​ដឹកនាំ​គណៈប្រតិភូ​មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើជា​សហប្រធាន​ជាមួយ​ឯកឧត្តម ប្រាក់ សុខុន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស ពីថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០១៩ ។​

​ក្រសួងការបរទេស បន្តថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់ ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ និង​រិះរក​វិធី និង​មធ្យោបាយ​នានា ដើម្បី​ពង្រីក​ថែមទៀត​នូវ​វិសាលភាព និង​ប្រសិទ្ធិភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នៅក្នុង វិស័យ​នានា​។

​ក្រសួងការបរទេស បន្ថែមថា កិច្ចប្រជុំ​នេះ ក៏​នឹង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ភាគី​ទាំងពីរ ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ដែលមាន​ផល​ប្រយោជន៍​ទៅវិញទៅមក​ផងដែរ​។
​ ​
​ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ផាម ប៊ិ​ញ​មិញ កាលពី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅពេល​មកដល់​ភ្នំពេញ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​រទេស​វៀតណាម បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួងការបរទេស ក៏បាន​បន្តថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ កម្ពុជា​-​វៀតណាម លើក​ទី​១៧​នេះ នឹង​ជួយ​លើកកម្ពស់​ថែមទៀត នូវ​ចំណងមិត្តភាព​ជា​ភា​តរៈ​យូរអង្វែង និង​ភាពជា​អ្នកជិតខាង​ល្អ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា រួមចំណែក​ដល់​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​សកលលោក​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com