សិស្សពិការភាព២នាក់ទទួលបានការទំនុកបម្រុងពីអភិបាលខេត្តកំពង់ធំ ក្នុងការបន្តការសិក្សា

(កំពង៉ធំ)៖ សិស្សពិការភាព២នាក់ ជាបេក្ខជនប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានទទួលការឧបត្ថមទំនុកបម្រុងទាំងស្រុងក្នុងការសិក្សាពីឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ។

កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល ជាមួយបេក្ខជនពិការភាពទាំងពីរនាក់

បេក្ខជនឈ្មោះ ទុយ សុខដុង រស់នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាសិស្សរៀនវិទ្យាល័យស្ទឹងសែន ពិការភាពដៃទាំងពីរ និងជើងទាំងពីរ តាំងពីកំណើរមក ហើយគ្រួសារក៏មានជីវភាពក្រីក្រ ឪពុកម្ដាយធ្វើស្រែ។ ទោះពិការភាពពីកំណើតយ៉ាងនេះក្តី ស្ថានភាពគ្រួសារក្រីក្រក៏ដោយ តែចំពោះការសិក្សានៅក្នុងថ្នាក់រៀន សុខដុង តែងបានចំណាត់ថ្នាក់ ចន្លោះពីលេខ២ ដល់លេខ៥ជារៀងរាល់ខែ។

បេក្ខនារីឈ្មោះ អ៊ុល កុសល មានទីលំនៅក្នុងភូមិទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាណ៍ ខេត្តកំពង់ធំ ជាសិស្សរៀននៅវិទ្យាល័យបារាយណ៍ ពិការភាពទាំងដៃទាំងពីរ និងជើងម្ខាង តាំងពីកំណើរមកដែរ ហើយការរស់នៅប្រចាំថ្ងៃរបស់គេពិបាកយ៉ាងខ្លាំង ដោយឪពុកម្តាយជាកម្មករចៀជ័រកៅស៊ូ នៅក្នុងស្រុកសន្ទុក ត្រូវទៅធ្វើការងារនៅឆ្ងាយពីផ្ទះ ធ្វើឲ្យរូបគេរស់នៅជាមួយបងប្អូន និងលោកយាយ។ ចំពោះការ សិក្សា នៅក្នុងថ្នាក់រៀនគឺទទួលបានចំណាត់ថ្នាក់លេខ២ ឬលេខ៣ជារៀងរាល់ខែ។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តម សុខ លូ បានឧបត្ថម្ភនូវថវិកាក្នុងម្នាក់ៗចំនួន២លានរៀល ( ២.០០០.០០០រៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

ក្រៅពីនេះឯកឧត្តមក៏នឹងផ្តល់នូវកុំព្យូទ័រយួរដៃម្នាក់ៗ១គ្រឿង ក្រោយពេលបិទផ្សាយលទ្ធផល បើទោះបីជាលទ្ធផលប្រឡងយ៉ាងណាក៏ដោយ។ តែប្រសិនបើបេក្ខជនទាំងពីរនាក់ទទួលបាននិទ្ទេសA ឯកឧត្តមនឹងផ្ដល់ជូនម៉ូតូ១គ្រឿងដូចបេក្ខជននិទ្ទេសA ដ៏ទៃទៀតដែរ។

លើសពីនេះ ឯកឧត្តម នឹងផ្តល់អាហារូបករណ៍ ១០០ភាគរយ និងជួយទំនុកបម្រុងទាំងស្រុង ក្នុងរយៈពេលសិក្សាសម្រាប់អ្នកទាំងពីរដែលរៀនបន្តនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែបើទៅរៀននៅភ្នំពេញ ឯកឧត្តម នឹងស្វែងរកសប្បុរសជនជួយឧបត្ថម្ភបន្តទៀត៕ (SN-សុផាត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com