តំណាងកម្ពុជាទៅចូលរួមកិច្ចប្រជុំ ត្រៀមកីឡាអូឡាំពិក នៅប្រទេសជប៉ុន ឆ្នាំ២០២០

(ជប៉ុន)៖​ លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន (Chef the mission Seminar for Tokyo 2020 Olympic Games preparation) ដែលប្រារព្ធធ្វើពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។

នាយរងបេសកកម្មបញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការរៀបចំរបស់ម្ចាស់ផ្ទះ និងអូឡាំពិកអន្តរជាតិ IOC តាមរយៈការធ្វើបទបង្ហាញរបស់គណៈកម្មការនីមួយៗ ដូចជាភូមិអូឡាំពិក និងទីលានប្រកួត ការដឹកជញ្ជួន ហូបចុក ស្នាក់នៅ និងសេវាវេជ្ជសាស្ត្រកីឡា ព្រមទាំងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ការដ្ឋានផ្សេងៗ។ ក្នុងនោះក៏មានវគ្គសិក្សាខ្លីៗស្តីពីរបៀបរបបចុះឈ្មោះ online ផងដែរ។

លោកបន្ថែមទៀតថា កម្ពុជាបានបើកឱកាសឲ្យគ្រប់ប្រភេទកីឡាអូឡាំពិកទាំងអស់ទៅចូលរួមវគ្គជម្រុះ ដើម្បីទទួលបានសិទ្ធិ ដោយមានការគាំទ្រគម្រោងថវិកាដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ប៉ុន្តែនៅថ្ងៃនេះលោកមិនទាន់ដឹងច្បាស់ទេថា តើប្រភេទកីឡាណាខ្លះដែលត្រូវឆ្លងកាត់វគ្គជម្រុះអូឡាំពិកហ្គេម នៅឡើយទេ។

សូមបញ្ជាក់ជូនថា កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ មានតែកីឡាការិនីជម្រើសជាតិកម្ពុជាលើប្រភេទកីឡាតេក្វាន់ដូ WT ស៊ន សៀវម៉ី ម្នាក់ប៉ុណ្ណោះ ដែលជាបេក្ខភាពឈ្នះកៅអីវគ្គជម្រុះប្រចាំទ្វីបអាស៊ីជាប្រវត្តិសាស្រ្ត ក្នុងការឡើងទៅប្រកួតនៅអូឡាំពិកហ្គេម ដែលប្រារព្ធរៀងរាល់៤ឆ្នាំម្តង។ ក្រៅពីនេះ ប្រភេទកីឡាមួយចំនួនទៀតរបស់កម្ពុជាបានចូលរួមប្រកួតក្នុងកម្រិតសិទ្ធិអនុគ្រោះប៉ុណ្ណោះ៕

ប្រភព៖ PP SEA GAMES 2023

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com