បេក្ខជន​អវត្តមាន ១៨៣៨ នាក់ និង​មាន​បញ្ហា​សុខភាព ១៥២​នាក់ ក្នុងពេល​ប្រឡង​បាក់​ឌុប ២​ថ្ងៃនេះ​

(​ភ្នំពេញ​)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​ផ្សាយ​នូវ​សេចក្តីប្រកាស​ព័ត៌មាន បូកសរុប​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩​។ ការប្រឡង​នេះ មាន​បេក្ខជន​បាន​ចុះឈ្មោះ​ប្រឡង​សរុប ១១៧០៤៣ នាក់ ស្រី ៦០៤២៧​នាក់ និង​មាន​មណ្ឌល​ប្រឡង ២០២ មណ្ឌល ត្រូវជា ៤៧២៥ បន្ទប់ នៅ​ទូទាំងប្រទេស​។

​តាម​សេចក្តីប្រកាស ក្នុង​ដំណើរការ​ប្រឡង​រយៈពេល ២​ថ្ងៃនេះ បេក្ខជន​អវត្តមាន សរុប​ចំនួន ១៨៣៨ នាក់ ស្រី ៦៩៦​នាក់ ត្រូវជា ១,៥៧% នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​។ ក្នុងនោះ បេក្ខជន មាន​បញ្ហា​សុខភាព ចំនួន ១៥២​ករណី បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម អាច​បន្ត​ការប្រឡង​ទៀត​បាន លើកលែងតែ ១១​ករណី ត្រូវ​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ ពុំ​អាច​ត្រឡប់មក​បន្ត​ការប្រឡង​បាន​។​

​ជារួម​ក្រសួង​អប់រំ បានប្រកាសថា ដំណើរការ​ប្រឡង​បាក់​ឌុប ២​ថ្ងៃនេះ ដំណើរការ​បានល្អ និង​ដោយ​រលូន ដោយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ ដោយសារ​បេក្ខជន​គោរ​តាម​បទ​ប្ប​ញ្ញ​តិ្ត នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​។​

​តាម​ការ​គ្រោ​ទុក លទ្ធផល​ប្រឡង នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នា​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​តែមួយគត់​រប​សប់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com