ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល៖ ពលរដ្ឋមានសិទ្ធិធ្វើស្លាកលេខម៉ូតូថ្មីដោយខ្លួនឯង មិនចាំបាច់ពឹងអ្នកលក់ឡើយ

(កណ្តាល)៖ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា គ្មានច្បាប់ ឬសារាចរណ៍ណែនាំណាមួយ ផ្តល់សិទ្ធិឲ្យអ្នកលក់ម៉ូតូបង្ខំអ្នកទិញត្រូវតែធ្វើស្លាកលេខនៅកន្លែងលក់របស់ខ្លួនឡើយ ផ្ទុយទៅវិញ អ្នកទិញមានសិទ្ធិជ្រើសរើសទៅធ្វើស្លាកលេខកន្លែងផ្សេង​​​ តាមទីលំនៅជាក់ស្តែងបញ្ជាក់ក្នុងឯកសារពាក់ព័ន្ធ។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានមានប្រសាសន៍បកស្រាយបែបនេះ ប្រាប់ Swift News ក្រោយពីមានការផ្សព្វផ្សាយថា ក្រុមហ៊ុនលក់ម៉ូតូ ម៉ាកហុងដា សាខាស្រុកស្អាង យីហោ លាភ សំបូរ ត្រូវបានប្រជាពលរដ្ឋទើបទិញម៉ូតូថ្មីៗនេះ​​​ បានសម្តែងការរិះគន់ថា សាខាមួយនេះ មិនលក់ម៉ូតូថ្មីឲ្យទេ បើពលរដ្ឋណាមួយទិញហើយ ប៉ុន្តែយកទៅធ្វើស្លាកលេខខ្លូនឯងនៅកន្លែងផ្សេង។

លោកប្រធានមន្ទីរបានបន្ដទៀតថា វាជារឿងបុគ្គលនៅក្នុងសាខាខាងលើទេ ព្រោះបច្ចុប្បន្នពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានសេវាធ្វើស្លាកលេខម៉ូតូថ្មី ដោយប្រើប្រាស់ឯកសាពាក់ព័ន្ធនឹងទីកន្លែងខ្លួនកំពុងរស់នៅ និងតាមរយៈយន្តការច្រកចេញចូលតែមួយ ដូច្នេះវាមិនមែនដូចការលើកឡើងរបស់បុគ្គលិកសាខាក្រុមហ៊ុនហុងដា យ៉ីហោ លាភ សំបូរ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាលនេះឡើយ។

ការបកស្រាយរបស់លោក ម៉ឹង យូឡេង បន្ទាប់ពីមានអតិថិជនមួយចំនួនរបស់ក្រុមហ៊ុនម៉ូតូហុងដា បាននិយាយរិះគន់ថា មិនគួរណាតំណាងចែកចាយសាខាស្រុកស្អាង យ៉ីហោ លាភ សំបូរ តម្រូវដាច់ខាតឲ្យអ្នកទិញត្រូវតែធ្វើស្លាកលេខតាមរយៈសាខារបស់ខ្លួនឡើយ។

ពលរដ្ឋដែលបានឆ្លងកាត់ការទិញម៉ូតូពីសាខា លាភ សំបូរ មានទីតាំងនៅជិតសាលាស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា ម្ចាស់សាខាខាងលើ មិនព្រមលក់ម៉ូតូឲ្យអតិថិជនណា ដែលទិញហើយចង់ទៅធ្វើស្លាកលេខខ្លូនឯង ពោលរាល់ការទិញត្រូវតែធ្វើស្លាកលេខជាមួយក្រុមហ៊ុមនេះ។

ពលរដ្ឋបានបន្តរិះគន់ទៀតថា រាល់ការទិញម្ចាស់សាខាថា ត្រូវយកលុយដុល្លារណាដែលមិនរហែក តែផ្ទុយទៅវិញ ពេលធ្វើឯកសាររួច ម្ចាស់សាខាបែរជារើសលុយដុល្លារតាមតែអំពើចិត្ត ហើយតម្រូវអតិថិជនដើរដូរលុយស្ទើរតែដាច់ខ្យល់ បើទោះជាលុយដុល្លារនោះទើបដកចេញពីធនាគាក្បែរៗនោះក៍ដោយ។

ចំណែកក្រុមអាជីវករដែលរស់នៅក្បែរផ្សារស្អាង បានសម្ដែងការហួសចិត្តថា ម្ចាស់សាខានេះទំនងជាសេដ្ឋីដែលកើតមកលើគំនរដុល្លារ បានជាចេញមករកស៉ីជាមួយពលរដ្ឋមិនស្គាល់កាលៈទេសៈពលរដ្ឋខ្លូនឯងសោះហើយ ចំណែកក្រុមហ៊ុនហុងដាក៏មិនគួរមានតំណាងចែកចាយគ្មានក្រមសីលធម៌វិជ្ជាជីវៈ មករកស៉ីឲ្យមានការអាប់អួរដល់ពលរដ្ឋបែបនេះសោះ។

ចំណែកក្រុមអាជីវករដក ឬដាក់ប្រាក់ក្បែរៗសាខាខាងលើ បានឲ្យដឹងថា ពួកគាត់អាណិតពលរដ្ឋដែរបានផុងខ្លូនមកទិញម៉ូតូនៅសាខានេះ ដោយរត់ត្រហេបត្រហបដើដូរលុយ ទិញលុយ ដើម្បីតម្រូវចិត្តលោកម្ចាស់ថ្លើមថ្លៃ ដែលជាអ្នកគិតលុយក្នុងសាខានេះ។

ពលរដ្ឋរស់នៅស្រុកស្អាង បានសំណូមពរដល់អាជ្ញាធរពាក់ពន្ធ័ ជាពិសេសក្រុមហ៊ុនហុងដា មេត្តាត្រួតពិនិត្យនិងធ្វើការបកស្រាយរាល់ការលើកឡើងរបស់ពួកគាត់ថា តើម្ចាស់សាខា លាភ សំបូរ បានអនុវត្តត្រឹមត្រូវតាមគោលការរបស់ក្រុមហ៊ុន ឬស្ថាប័នជំនាញដែរឬទេ ដើម្បីកុំឲ្យមានការក្ដៅក្រហាយដល់ពួកគាត់៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com