សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ អនុញ្ញាត​ឲ្យ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប​ពិភាក្សា​ការងារ​ និង​ជម្រាបលា​

(​ភ្នំពេញ​)៖​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ HIDEHISA​ HORINOUCHI​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប​ពិភាក្សា​ការងារ​ និង​ជម្រាបលា​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​អង្គារ​ ៥​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​ឯកឧត្តម​ ឯកអគ្គរាជទូត​ បាន​សម្ដែង​សេចក្ដី​រីករាយ​ចំពោះ​អាណត្តិ​ការងារ​ របស់​ឯកឧត្តម​ដែល​ក្នុង​ការ​បំពេញភារកិច្ច​កន្លង​មកនេះ​ ឯកឧត្តម​បាន​សង្កេត​ឃើញជាក់ស្ដែង​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ច​ សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ពិសេស​ការ​កើនឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ជប៉ុន​ ទាំង​លើ​វិស័យ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន​ និង​ធនធានមនុស្ស​។​

​ឯកឧត្តម​ក៏​មាន​សេចក្ដី​រីករាយ​ដោយ​បានឃើញ​ថា​ឆ្នាំ​កន្លង​ទៅ​ជា​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​៦០​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ ជប៉ុន​ ដែល​ជប៉ុន​បាន​បង្កើត​ស្ថាន​កុងស៊ុល​នៅ​ខេត្តសៀមរាប​ ដែល​នេះ​ជា​ការ​ស្ដែង​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​រីក​ចំរើន​រវាង​ប្រទេស​ទាំង​ពីរ​។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​ ឯកអគ្គរាជទូត​ ហើយ​សម្ដេច​ពិតជា​រីករាយ​ដោយ​សម្ដេច​បាន​មាន​ប្រសាសន៍​ថាស​ម្ដេច​ពិតជា​មើលឃើញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្តម​ ឯកអគ្គរាជទូត​នៅ​ក្នុង​អាណត្តិ​ការងារ​របស់​ឯក​ឧត្ត​ ដែល​បាន​រួមចំណែក​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​មាន​ភាព​ប្រសើរ​ឡើង​នេះ​ក៏​បាន​កើតឡើង​តាម​រយៈ​ឆន្ទៈ​នៃ​ការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​តាម​រយៈ​ថ្នាក់ដឹកនាំ​រវាង​ប្រទេស​ទាំង​២​ផង​ដែរ​ ហើយ​បាន​មាន​ប្រសាសន៍​ថាស​ម្ដេច​ក៏​បានឃើញ​ស្នាដៃ​របស់​ឯកឧត្តម​ ដែល​បាន​កសាង​ក្នុង​អាណត្តិ​ការងារ​នៅ​ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២​។​

​ដោយឡែក​សម្រាប់​ក្រសួងមហាផ្ទៃ​កម្ពុជា​ សម្ដេច​បាន​ជំរាប​ជូន​ថា​ក្រសួង​ម​ហ​ផ្ទៃ​កម្ពុជា​ក៏​មាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ជប៉ុន​ដែរ​ ដូច​ជាទី​ភ្នាក់ងារនគរបាល​ជប៉ុន​ អង្គភាព​ប្រឆាំង​ភេ​វរ​កម្ម​ជប៉ុន​ ដែល​កំពុង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​យ៉ាង​ល្អ​ប្រសើរ​ ហើយ​សម្ដេច​ក៏​សូម​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ជប៉ុន​ ដែល​បាន​ផ្ដល់​កិច្ចសហការ​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​របស់​កម្ពុជា​ដែល​ជា​ការ​ឆ្លើយ​តប​មួយ​ទៅ​នឹង​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​អនុវត្ត​។​

​ក្រៅពី​វិស័យ​ទាំងនេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​មាន​ប្រសាសន៍​ថា​ភាគី​ទាំង​២​អាច​ពិនិត្យ​លទ្ធភាព​ពង្រីក​នូវ​កិច្ចសហការ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ដូច​ជា​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ ការ​ជួញដូរ​មនុស្ស​ និង​ប្រឆាំង​ការ​លាង​សម្អាត​ប្រាក់​ជាដើម​។​

​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​ បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រសាសន៍​លើក​ឡើង​របស់​សម្ដេច​ ហើយ​ឯកឧត្តម​បាន​បន្ថែម​ថា​ ដោយ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ​របស់​កម្ពុជា​ ជប៉ុន​ក៏​នឹង​គ្រោង​អញ្ជើញ​កីឡាករ​ទូក​កា​នូ​កម្ពុជា​ចំនួន​១៥​រូប​ ទៅ​ទស្សនកិច្ច​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​លើ​វិស័យ​កីឡា​នេះ​ជាមួយ​ភាគី​ជប៉ុន​នៅ​ប្រទេស​ជប៉ុន​ដែរ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​សម្ដែង​ការ​ស្វាគមន៍​ និង​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ជប៉ុន​ដែល​បាន​យកចិត្តទុកដាក់​ជួយ​អភិវឌ្ឍន៍​វិស័យ​ទូក​កា​នូ​របស់​កម្ពុជា​ ហើយ​ជា​ចុងបញ្ចប់​សម្ដេច​ក្រឡាហោម​បាន​ជូនពរ​ឯកឧត្តម​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំពេញភារកិច្ច​ជា​បន្តបន្ទាប់​ទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com