ក្រសួងអប់រំ ប្រកាសថា ការប្រឡង​បាក់ឌុប រយៈពេល ២ថ្ងៃ បានបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី២០សីហានេះ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២០សីហានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ៖ ១៩ សីហា ២០១៩ ឬការប្រឡងបាក់ឌុប ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ និង​មិនមាន​ហេតុ​ការខុស​ប្រក្រតី​កើតមានឡើង​ គួរឱ្យកត់សម្គាល់​នោះទេ។​

ក្រសួងអប់រំ លើកឡើងថា ​សន្លឹក​កិច្ចការ​របស់​បេក្ខជន​នៅតាម​មណ្ឌល​ប្រឡង ត្រូវបាន​វេច​ខ្ចប់ និង​ចុះហត្ថលេខា ដោយ​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈកម្មការ​អប្បមាទ ជំនួយការ​អប្បមាទ ប្រធាន​-​អនុប្រធាន​មណ្ឌល ព្រមទាំង​បាន​យកទៅ​ផ្ញើ​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​នៅ​សាលាខេត្ត​។​

​ចំណែក​បេក្ខជន ​ដែល​បាន​ចេញពី​ការប្រឡង ក៏ត្រូវបានក្រសួងអប់រំ ប្រកាសថា ​មាន​ទឹកមុខ​ស្រស់ស្រាយ សប្បាយរីករាយ ដែល​បញ្ជាក់ថា​ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ពិតជា​ប្រព្រឹត្ត​ទៅដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com