គណៈកម្មការកាកបាទក្រហមខេត្តកំពង់ធំ  ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងរន្ទះបាញ់

(កំពង់ធំ)៖ ដោយមានការចង្អុលបង្ហាញពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ គណៈកម្មការកាកបាទក្រហម សាខាខេត្តកំពង់ធំ ដែលដឹកនាំដោយលោកស្រី ឃួន ឃុនឌី អភិបាលរងខេត្ត និងជាអនុគណៈកម្មការសាខា កាកបាទក្រហមខេត្ត ព្រមទាំងលោអភិបាលរងខេត្ត បានដឹកនាំសហការី ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងរន្ទះបាញ់ នៅស្រុកបារាយណ៍ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ក្នុងការចុះសួរសុខទុក្ខនេះ ក៏បាននាំយកនូវអំណោយរបស់កាកបាទក្រហមទៅចែកជូនបងប្អូន ដែលជាជនរងគ្រោះនៅស្រុកបារាយណ៍ ចំនួន៤៥គ្រួសារ មកពីឃុំគគីធំចំនួន១២ គ្រួសារ ឃុំឈូកខ្សាច់២៥គ្រួសារ ឃុំជ្រលងចំនួនប្រាំគ្រួសារ។ ចំណែកមកពីស្រុកសណ្តាន់ មានចំនួន៣៣គ្រួសារ មកពីឃុំគឺឈើទាល និងឃុំមានរិទ្ធ។

 អំណោយទាំងអស់នោះរួមមាន អង្ក តង់ ឆ្នាំង ចាន និងឃីតមួយកញ្ចប់។ 

មានប្រសាសន៍នាឱកាសនេះ ថ្នាក់ដឹកនាំនេះ បានពាំនាំការសួរសុខទុក្ខ របស់សម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រកបដោយភាពយកចិត្តទុក្ខដាក់ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រុំចំពោះការបាត់បង់ជីវិត ការខូចខាតព្រទ្យសម្បត្តិរបស់បងប្អូន ដោយលើកឡើងថា ការបាត់បង់នូវសមាជិកគ្រួសាររបស់បងប្អូន និងទ្រព្យសម្បត្តិ ជារឿងគួរឲ្យសោកស្តាយពន់ពេក។ 

គណៈកម្មការនេះ សូមឲ្យបងប្អូនចេះថែរក្សាសុខភាព មិនត្រូវអស់សង្ឃឹមឡើយ ដោយកាកបាទក្រហមមិនទុកឲ្យបងប្អូនស្លាប់ដោយអត់ឃ្លាននោះឡើយ បើទោះបីអំណោយនេះមិនគ្រប់គ្រាន់សម្រាប់ជីវភាពបងប្អូនក៏ពិតមែន ប៉ុន្តែវាក៏អាចជួយដោះស្រាយ និងសម្រួលជីវភាពបងប្អូនបានមួយរយៈពេលដែរ។ 

ដូច្នេះសូមបងប្អូនត្រូវតែមានសង្ឃឹមក្នុងការប្រកបរបរចញ្ចឹមជីវិត រស់នៅប្រដោយសុខភាពល្អ ដោយអនុវត្តន៍តាមក្បូនអនាម័យទាំងបីប្រការ ដើម្បីចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ និងបងប្អូនត្រូវរកកន្លែងមានសុវត្ថិភាព ដោយមិនត្រូវជ្រកក្រោមដើមឈើធំនៅពេលមានភ្លៀងធ្លាក់ឡើយ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅឲ្យចៀសផុតពីគ្រឿងញៀន។ 

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារបានជួយឧបត្ថម្ភជាថវិកាចំនួន១៥ម៉ឺនរៀលដល់គ្រួសារ ដែលមានសមាជិកស្លាប់ និងរងគ្រោះដោយរន្ទះបាញ់ ដែលកុំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ ព្រមទាំងជូនថវិកាចំនួន១០ម៉ឺនរៀល៕ (SN- សុផាត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង