អភិបាលក្រុងដូនកែវ ប្រើធម៌ក្តៅទៅលើម្ចាស់កាយអាចម៍ដីខុសច្បាប់មួយកន្លែង ឃាត់ រថយន្ត៤គ្រឿង និងអេស្កាវ័រទ័រ១គ្រឿង

(តាកែវ)៖ អាជ្ញាធរក្រុងដូនកែវ បានប្រើវិធានការណ៍ក្តៅ ចំពោះម្ចាស់កាយអាចម៍ដីខុសច្បាប់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ព្រមទាំងបានឃាត់រថយន្ត៤គ្រឿង និងអេស្កាវ័រទ័រ១គ្រឿង នៅនឹងកន្លែង ក្នុងទីតាំងនៅចំណុចបឹងអូរតុំ គ្រាដែលកំពុងតែធ្វើសកម្មភាពជីកកាយអាចម៍ដីចេញយ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងប្រាប់ SwiftNews នៅព្រឹកថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០១៩នេះថាបន្ទាប់ពីទទួលបានព័ត៌មាន ពីពលរដ្ឋថា មាន ករណី លួចកាយអាចម៍ដី នៅបឹងអូរតុំ ហើយសង្ស័យគ្មានច្បាប់អនុញ្ញាតទៀតនោះក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំផ្ទាល់ចុះទៅពិនិត្យជាក់ស្ដែង ពិតជាមានករណីនេះមែន និងបានឃាត់រថយន្តដឹកដី៤គ្រឿង នៅនឹងកន្លែងនិងបានបញ្ជូនយកមករក្សាទុកសាលាក្រុងដូនកែវ ដោយឡែកអេស្ដាវ័រទ័រ (អាអិច) បាន១គ្រឿងរក្សាទុកនៅនឹងកន្លែងប៉ុន្តែមានការឃ្លាំមើល។

លោកអភិបាលក្រុងដូនកែវ បានបន្តទៀតថា កន្លងមកអាជ្ញាធរក្រុង បានហាមឃាត់ ករណីកាយអាចម៍ដីនៅបឹងអូរតុំនេះម្ដងមកហើយ ដោយតម្រូវឲ្យម្ចាស់គ្រឿងចក្រដែលកាយអាចម៍ដី ទាំងនោះមកដាក់ពាក្យស្នើសុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរជំនាញ នៅរដ្ឋបាលសាលាក្រុង ដើម្បីជៀសវាងកាយ ប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ឬតំបន់ដែលហាមឃាត់ ប៉ុន្តែម្ចាស់គ្រឿងចក្រទាំងនេះ គ្មានមកដាក់ពាក្យសុំច្បាប់ត្រឹមត្រូវនោះទេ ដូច្នោះដើម្បីវិធានការណ៍ចំពោះមុខមានតែធ្វើការហាមឃាត់ និងអនុវត្តតាមនីតិវិធីតាមច្បាប់តែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីនេះដែរ លោក ខាន់ សុខា អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តតាកែវបានគូសបញ្ជាក់ដែរថា ករណីដែលរដ្ឋបាលក្រុងដូនកែវ ហាមឃាត់គ្រឿងចក្រដែលកំពុង ធ្វើសកម្មភាពជីកកាយអាចម៍ដីនៅបឹងអូរតុំខាងលើនេះ គឺយើងមិនទាន់បញ្ជូនទៅកាន់តុលាការ នោះទេ គឺគ្រាន់តែធ្វើលិខិតព្រមានគាត់ដោយតម្រូវធ្វើកិច្ចសន្យា ប៉ុន្តែប្រសិនពួកគាត់ នៅតែមិនព្រមទទួលយកការសម្រប សម្រួលនោះទេទុកចោលយូរថ្ងៃប្រហែល គឺក្រុមមន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕ (SN-ស្នា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com