ព្រឹក​ថ្ងៃទី​២ នៃ​ការប្រឡង​បាក់​ឌុប មាន​បេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព ៦៣​នាក់​

(​ភ្នំពេញ​)៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ដំណើរការ​សំណេរ​នៃ​ការប្រឡង​បាក់​ឌុប នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា ដែល​ត្រូវជា​ថ្ងៃទី​២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព កើតឡើង ឬ​ភាពមិនប្រក្រតី​ណាមួយ គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ក្នុងនោះ នៅ​ព្រឹក​មិញ មាន​បេក្ខជន អវត្តមាន ចំនួន ១៨១៨ នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព ៦៣​នាក់​។​

​ក្រសួង​អប់រំ បាន​លើកឡើងថា នា​ព្រឹក​ថ្ងៃទី​២០​សីហា​នេះ ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ការប្រឡង​បាក់​ឌុប បើទោះបី​មាន​ភ្លៀង​ធ្លាក់ នៅតាម​មណ្ឌល​មួយចំនួន ក្នុង​ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និង​ខេត្តកោះកុង ប៉ុន្តែ​ដំណើរការ​សំណេរ នៅតែមាន​ដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស ជំនួយការ​អប្បមាទ​ទូទាំងប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយមាន​ការចូលរួម​សហការ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើពុករលួយ មន្ត្រី​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។

​ក្រសួង​អប់រំ ក៏បាន​បន្ថែមថា ដោយឡែក​បេក្ខជន បាន​គោរព​បទបញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង ក្នុង​ការធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន ដោយ​គ្មាន​យក​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ​។​

​ក្រសួង​អប់រំ បន្ថែមថា ក្នុង​ដំណើរការ​សំណេរ នា​ព្រឹក​ថ្ងៃទី​២​នេះ មាន​ពីរ​មុខវិជ្ជា សម្រាប់ ថ្នាក់ វិទ្យាសាស្ត្រ ( អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា​) និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (​គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​)​។ ចំនួន​បេក្ខជន​អវត្តមាន នាពេល​ព្រឹក ចំនួន ១៨១៨ នាក់ ស្រី ៦៩៦​នាក់ ជា​ភាគរយ ១.៥៥%​។ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៦៣​ករណី ក្នុងនោះ មិនអាច​វិល​ត្រឡប់មក​ប្រឡង​វិញ ៣ ករណី ចំណែក​បេក្ខជន​ផ្សេងទៀត បន្ត​ប្រឡង ជា​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។​

​សូមជម្រាបថា បេក្ខជន​ប្រឡង​ឆ្នាំនេះ មាន​ចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជា​ថ្នាក់​វិទ្យាសាស្ត្រ មាន​បេក្ខជន​ចំនួន ៤៤៦៩០​នាក់ មាន ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ចំនួន ៧២៣៥៣​នាក់ មាន ១២៧ មណ្ឌល​។​

​ការប្រឡង​បាក់​ឌុប នឹង​ដំណើរ​ការប្រឡង នៅ​រសៀល​ថ្ងៃទី​២០​សីហា​នេះ មុននឹង​បញ្ចប់​រយៈពេល ២​ថ្ងៃ ដែល​បានចាប់ផ្តើម កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com